សត្វ​ក្រពើត្រី​ ​ដែល​ស្ទើរតែ​ផុតពូជ​នៅ​កម្ពុជា​ ​ត្រូវ​បាន​រក​ឃើញ​ពង​ ​មិនទាន់​ញាស់​ចំនួន៤៨គ្រាប់​ ​ក្នុង​ខេត្តកោះកុង​

កោះកុង​៖​ ​ក្រុម​អភិរក្ស​នៃ​រដ្ឋបាល​ជលផល​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ ​(​WCS​)​ ​និង​ក្រុម​ការពារ​សំបុក​ក្នុង​មូលដ្ឋាន​ ​បាន​រក​ឃើញ​សំបុក​ពងក្រពើ​ត្រី​ចំនួន​ ​២សំបុក​ ​មាន​ ​៤៨ពង​ ​នៅ​ត្រពាំង​ចំនួន​ពីរ​ ​តាម​ប្រព័ន្ធ​ដងព្រែក​ស្រែអំបិល​ ​ក្នុង​ខេត្តកោះកុង​ ​។​


​លោក​ ​សោម​ ​ស៊ី​ថា​ ​ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​ ​WCS​ ​ទទួលបន្ទុក​គម្រោង​អភិរក្ស​ស្រែអំបិល​ ​បានឱ្យ​ដឹង​ថា​ ​ដើម្បី​ការពារ​ពងក្រពើ​ត្រី​ទាំងនេះ​កុំឱ្យ​ជន់​លិច​ ​បាត់បង់​ ​ឬ​មានការ​លួច​យក​ ​ក្រុម​អភិរក្ស​ ​បាន​យក​ពងក្រពើ​ត្រី​ទាំងនេះ​ ​ទៅ​រក្សាទុក​ក្នុង​សំបុក​សិប្បនិម្មិត​ ​នៅក្នុង​ភូមិ​មួយ​នៃ​ស្រុកស្រែ​អំបិល​ ​ដើម្បី​ថែរក្សា​រហូតដល់​វា​ញាស់​ ​ដែល​មាន​រយៈពេល​ចន្លោះ​ពី​ ​៦៥ថ្ងៃ​ ​ទៅ៨០ថ្ងៃ​។​ ​បន្ទាប់ពី​ញាស់​ភ្លាម​ ​កូន​ក្រពើ​ទាំងអស់​ ​នឹង​ត្រូវ​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​របស់​សត្វ​ទាំងនោះ​វិញ​ ​។​


​សត្វ​ក្រពើត្រី​ ​ឬហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា​ ​Crocodylus​ ​siamensis​ ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ ​IUCN​ ​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​គំរាមកំហែង​ជិត​ផុតពូជ​ ​ដោយសារ​ចំនួន​របស់​វា​នៅ​ទូទាំង​ពិភពលោក​កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​។​ ​
​តាម​ការ​បញ្ជាក់​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ ​សត្វ​ក្រពើត្រី​ ​បាន​នឹង​កំពុង​ប្រឈម​ការ​គំរាមកំហែង​ជាច្រើន​ដល់​ការរស់នៅ​របស់​ពពួកសត្វ​ទាំងនេះ​ ​។​ ​នៅ​កម្ពុជា​ ​កត្តា​គំរាមកំហែង​នានា​ ​រួមមាន​ ​ការបាត់បង់​ទីជម្រក​ ​និង​ការ​ប្រមាញ់​ក្រពើត្រី​វ័យ​ជំទង់​ដោយ​ខុសច្បាប់​ ​និង​ការ​ចាប់​យកកូន​ក្រពើត្រី​ទើប​ញាស់​ ​និង​ពង​ ​ទៅ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃ​ ​ក្នុងរយៈពេល​ពីរ​ទស្ស​វត្សរ៍​កន្លងមក​នេះ​ ​។​


​ប្រភេទ​សត្វ​ក្រពើត្រី​នេះ​ ​មាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឡាវ​ ​ថៃ​ ​វៀតណាម​ ​និង​ទំនងជា​អាច​មាននៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​មីយ៉ាន់ម៉ា​ ​និង​ឥណ្ឌូណេស៊ី​ផង​ដែរ​ ​។​ ​តាម​ការ​ប៉ាន់ស្មាន​ ​នៅ​កម្ពុជា​ ​មាន​ក្រពើត្រី​នេះ​ ​ក្នុង​វ័យ​ជំទង់​ប្រហែល​ចន្លោះ​ពី​ ​១០០​ ​ទៅ​ ​៣០០ក្បាល​ ​ដែល​បង្ហាញថា​ ​កម្ពុជា​គឺជា​ទីជម្រក​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រភេទ​សត្វ​ក្រពើត្រី​នេះ​ ​។​ ​
​សូម​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ២០១៧​ ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ ​បាន​រក​ឃើញ​សំបុក​ពងក្រពើ​ត្រី​ចំនួន​ ​១សំបុក​មាន​ ​១៩ពង​ ​និង​នៅ​ឆ្នាំ២០១៨​ ​បាន​រក​ឃើញ​ចំនួន​ ​៣សំបុក​មាន៧៨ពង​ ​។​ ​ចំណែក​ ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩​ ​នេះ​ ​អង្គការ​បាន​រក​ឃើញ​ ​ពងក្រពើ​ត្រី​ចំនួន​ ​២សំបុក​ ​ដែល​មាន​ ​៤៨ពង​ ​៕​

​អត្ថបទ​៖​ ​ហៀង​ ​រ័ត្ន​

You can share this !

Loading...
អត្ថបទទាក់ទង