បទ​វិភាគ​៖​ ​ការងារ​បន្ទាន់​ចំនួន​ ​៥​ ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​

​អង់គ្លេស​៖​ ​ការប្រកាស​ឡើង​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ ​របស់​លោក​ ​បូ​រីស​ ​ចន​សាន់​ ​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នា​ថ្ងៃទី២៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​បន្ទាប់ពី​លោក​ ​បាន​យកឈ្នះ​គូប្រជែង​ ​លោក​ ​ជេរ៉េ​មី​ ​ហាន់​ ​ក្នុង​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​អភិរក្ស​ ​មុន​នេះ​មួយថ្ងៃ​។​ ​លោក​ ​ចន​សាន់​ ​នឹង​ត្រូវ​បន្តការងារ​របស់​លោកស្រី​ ​ធឺ​រី​សា​ ​មេយ៍​ ​ដែល​បាន​លាលែង​ពី​តំណែង​ ​ក្នុង​ការ​នាំ​ចក្រភព​អង់គ្លេស​ ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ​នៅ​ខែតុលា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​និង​មានរឿង​មួយចំនួន​ទៀត​ដែល​រដ្ឋាភិបាល​របស់​លោក​ ​នឹង​ត្រូវ​បន្ត​ធ្វើ​។​

ការគ្រប់គ្រង​៖​

​ដើម្បី​សម្រេច​បាន​នូវ​ ​Brexit​ ​លោក​ ​ចន​សាន់​ ​ត្រូវ​ស្វែងរក​ការ​គាំទ្រ​ពី​សមាជិកសភា​ ​៦៥០នាក់​ ​រួមមាន​សមាជិក​ដែល​មក​ពី​គណបក្ស​អភិរក្ស​ ​និង​គណបក្ស​ពលករ​ ​ដែល​ជា​បក្ស​ប្រឆាំង​ ​ព្រមទាំង​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​។​

​គណបក្ស​ពលករ​ ​អាច​នឹង​ស្នើ​ឱ្យ​មាន​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​មួយ​ ​នៅក្នុង​សភា​ ​បន្ទាប់ពី​សភា​អង់គ្លេស​ ​នឹង​ដំណើរការ​ជាថ្មី​ ​ចាប់ពី​ថ្ងៃទី៣​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩ខាងមុខ​។​ ​ទោះបីជា​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​ ​ផ្ដល់​ការ​គាំទ្រ​លោក​ ​ចន​សាន់​ ​ក៏ដោយ​ ​ក៏​សមាជិក​របស់​គណបក្ស​អភិរក្ស​មួយចំនួន​ ​បាន​គំរាម​បោះឆ្នោត​ប្រឆាំង​នឹង​លោក​ ​ចន​សាន់​ ​ប្រសិនបើ​ ​ចក្រភព​អង់គ្លេស​ ​គ្រោង​ដើរចេញ​ពី​សហភាព​អឺរ៉ុប​ ​ដោយ​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ ​(​No​-​deal​ ​Brexit​)​ ​។​

​បើ​បរាជ័យ​ ​រដ្ឋាភិបាល​អង់គ្លេស​ ​នឹង​ដួល​រលំ​ ​ហើយ​អាច​បង្ក​ឱ្យ​មានការ​បោះឆ្នោត​ជាតិ​មួយ​ថ្មី​ផង​ដែរ​។​

Brexit​៖​

​លោក​ ​ចន​សាន់​ ​មាន​ចេតនា​ក្នុង​ការ​ចូល​តុចរចា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ជាមួយ​សហភាព​អឺរ៉ុប​ ​បន្ទាប់ពី​កិច្ច​ព្រមព្រៀង​របស់​លោកស្រី​ ​ធឺ​រី​សា​ ​មេយ៍​ ​កាលពី​ឆ្នាំមុន​ ​ត្រូវ​បាន​សភា​អង់គ្លេស​ ​ច្រានចោល​ ​៣លើក​រួចមក​ហើយ​។​ ​លោក​ ​ចន​សាន់​ ​នឹង​ចរចា​លើ​បញ្ហា​ព្រំប្រទល់​រវាង​អៀរឡង់​ ​ដែល​ជាស​មា​ជិ​ក​ ​EU​ ​និង​ ​អៀរឡង់​ខាងជើង​ ​ដែល​ជា​ខេត្ត​មួយ​របស់​ចក្រភព​អង់គ្លេស​។​

​បើ​អង់គ្លេស​ ​មិន​អាច​ឈាន​ដល់​កុងត្រា​ថ្មី​ជាមួយ​ ​EU​ ​ឬ​ ​សភា​អង់គ្លេស​ ​ច្រានចោល​កិច្ច​ព្រមព្រៀង​ជាមួយ​ ​EU​ ​ដែល​លើកឡើង​ដោយ​លោក​ ​ចន​សាន់​ ​ជាថ្មី​,​ ​អង់គ្លេស​ ​នឹង​បង្ខំចិត្ត​ដើរចេញ​ពី​ ​EU​ ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​អ្វីមួយ​ឡើយ​ ​(​No​ ​deal​ ​Brexit​)​ ​នៅ​ថ្ងៃទី៣១​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

ដូ​ណាល់​ ​ត្រាំ​ ​និង​សហរដ្ឋអាមេរិក​៖​

​លោក​ ​ចន​សាន់​ ​ត្រូវការ​ទំនាក់ទំនង​ល្អជា​មួយ​សហរដ្ឋអាមេរិក​ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​អង់គ្លេស​ ​នៅពេល​ចាកចេញ​ពី​ ​EU​ ​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ខ្លួន​។​ ​ភ្លាម​ៗ​ ​ក្រោយ​ដឹង​លទ្ធផល​បោះឆ្នោត​គណបក្ស​អភិរក្ស​ ​ដែល​បង្ហាញថា​ ​លោក​ចន​សាន់​ឈ្នះ​ ​លោក​ ​ត្រាំ​ ​បាន​បង្ហោះ​នៅ​លើ​ ​Twitter​ ​ដើម្បី​បង្ហាញ​ពី​ការ​អបអរសាទរ​ចំពោះ​លោក​ ​ចន​សាន់​ ​ហើយ​លោក​ប្រធានាធិបតី​អាមេរិក​ ​បាន​លើកឡើង​ថា​ ​"​គាត់​ ​(​ចន​សាន់​)​ ​នឹងជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​!​”​ ​។​

​ទំនាក់ទំនង​រវាង​អង់គ្លេស​ ​និង​អាមេរិក​ ​បាន​ធ្លាក់ចុះ​បន្តិច​ ​ក្រោយពី​លោក​ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​សហរដ្ឋអាមេរិក​ ​ធ្វើ​ឱ្យ​បែកធ្លាយ​ឯកសារ​សម្ងាត់​ ​ដែល​បាន​ហៅ​ ​រដ្ឋាភិបាល​លោក​ ​ត្រាំ​ ​ថា​ ​អសមត្ថភាព​។​ ​ការ​បែកធ្លាយ​នេះ​ ​ធ្វើ​ឱ្យ​លោក​ ​ត្រាំ​ ​ខឹង​យ៉ាង​ខ្លាំង​ ​ខណៈ​លោក​ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​សហរដ្ឋអាមេរិក​ ​បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​។​

​កន្លងមក​ ​ភាគី​ទាំងពីរ​ ​បាន​បង្ហាញ​ជំហរ​ក្នុង​ការចរចា​ ​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​មួយ​ ​បន្ទាប់ពី​អង់គ្លេស​ ​ចាកចេញ​ពី​ ​EU​ ​។​ ​ការសម្រេច​កិច្ច​ព្រមព្រៀង​បាន​យូរ​ ​ឬ​ឆាប់​ ​អាស្រ័យ​លោក​ ​ចន​សាន់​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​។​

​អ៊ីរ៉ង់​ ​និង​ ​ចិន​៖​

​អាមេរិក​ ​និង​ ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ ​បាន​ដើរ​លើ​ផ្លូវ​ពីរ​ផ្សេងគ្នា​ ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ​ដែល​បង្ក​ឱ្យ​អង់គ្លេស​ ​ត្រូវ​សម្រេចចិត្ត​រើស​យក​ជម្រើស​មួយ​។​ ​អ៊ីរ៉ង់​ ​បាន​រឹបអូស​កប៉ាល់​ដឹក​ប្រេង​របស់​អង់គ្លេស​ ​នៅ​ចក្រ​សមុទ្រ​ ​Hormuz​ ​កាលពី​សប្ដាហ៍​មុន​ ​ដែល​ជា​ការសងសឹក​នឹង​អង់គ្លេស​ ​ដែល​បាន​រឹបអូស​ ​កប៉ាល់​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​។​ ​ជុំវិញ​បញ្ហា​នេះ​ ​អឺរ៉ុប​ ​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ ​ថា​តើ​ ​មេដឹកនាំ​ថ្មី​របស់​ចក្រភព​អង់គ្លេស​ ​នឹង​ជ្រើសរើស​គោលនយោបាយ​អ៊ីរ៉ង់​របស់​ ​អាមេរិក​ ​ឬ​ ​អឺរ៉ុប​ ​?​។​

​មួយវិញទៀត​ ​លោក​ ​ចន​សាន់​ ​នឹង​ត្រូវ​សម្រេចចិត្ត​លើ​បញ្ហា​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន​ ​Huawei​ ​ដែល​រួមចំណែក​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​របស់​អង់គ្លេស​ ​ខណៈ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ព្រមាន​ពី​ហានិភ័យ​ផ្នែក​សន្តិសុខ​ ​និង​ផល​ប៉ះពាល់​នៃ​ទំនាក់ទំនង​ផ្នែក​ចារកម្ម​។​ ​ចិន​ ​ជាគោល​ដៅ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​អង់គ្លេស​ ​ក្រៅពី​ ​EU​ ​។​

​លើស​ពី​ ​Brexit​ ​៖​

​លោក​ ​ចន​សាន់​ ​នឹង​ត្រូវ​គូសវាស​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​អង់គ្លេស​ ​បន្ទាប់ពី​ការ​ចាកចេញ​ពី​ ​EU​ ​សម្រាប់​ម្ចាស់​ឆ្នោត​ ​អ្នក​វិនិយោគ​ ​និង​សម្ព័ន្ធ​មិត្ត​នានា​។​ ​ជាង​នេះ​ទៅទៀត​ ​មេដឹកនាំ​ថ្មី​រូប​នេះ​ ​នឹង​កំណត់​យក​ភាគី​ណាមួយ​ ​រវាង​ ​អឺរ៉ុប​ ​និង​ ​អាមេរិក​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង