អភិបាលខេត្ត​ព្រះសីហនុ​ ​អំពាវនាវ​អ្នកលក់​ដូរ​តាម​ឆ្នេរ​អូរ​ឈើទាល​ ​ចូលរួម​ថែរក្សា​អនាម័យ​

ព្រះសីហនុ​៖​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​អំពាវនាវ​ដល់​អ្នកលក់​ដូរ​តាម​ឆ្នេរ​អូរ​ឈើទាល​ ​ចូលរួម​ថែរក្សា​អនាម័យ​ ​ដើម្បី​លើកកម្ពស់​សុខមាលភាព​ ​សោភ័ណភាព​ ​និង​កិត្យានុភាព​ទីក្រុង​ទេសចរណ៍​ជាប់មាត់​សមុទ្រ​មួយ​នេះ​ ​។​

​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី២៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ខណៈ​ដែល​អាជីវករ​ ​៤៤គ្រួសារ​លក់ដូរ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​ ​បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​ ​គួច​ ​ចំរើន​ ​។​

​ក្នុង​ជំនួប​នោះ​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​ណែនាំ​ឱ្យ​អាជីវករ​ទាំងអស់​ ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ​រៀបចំ​កែ​លម្អ​ប្រព័ន្ធ​លូ​នៅ​តាម​ទីតាំង​របស់​ខ្លួន​ ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​ ​ជាពិសេស​ត្រូវ​ទុកដាក់​កាកសំណល់​ឱ្យ​បាន​ត្រឹមត្រូវ​ ​។​

​ដោយឡែក​ ​ចំពោះ​ការសាងសង់​តូប​លក់ដូរ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​ ​ត្រូវ​សាងសង់​ដោយ​អនុវត្ត​តាម​គំរូ​ប្លង់​មេ​ ​និង​ស្តង់ដារ​ដែល​បាន​កំណត់​ ​ដើម្បី​រក្សា​សោភ័ណភាព​ ​បរិស្ថាន​ ​និង​បទដ្ឋាន​បច្ចេកទេស​ ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​ ​។​

​គួរ​រម្លឹក​ផង​ដែរ​ថា​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ ​និង​អនុវត្ត​ផែនការ​រៀបចំ​សាងសង់​តូប​កម្សាន្ត​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​ ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ ​អាជីវករ​ទាំងអស់​ ​បាន​ឯកភាព​ ​និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ចាប់ផ្តើម​សាងសង់​តូប​តាម​គម្រូ​ថ្មី​ ​ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​ ​បរិស្ថាន​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ដើម្បី​រក្សា​បាន​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​ឆ្នេរខ្សាច់​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ស័ក្កិ​សមជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​ ​និង​កិត្តិនាម​ជា​ ​«​តារា​រះ​នា​ទិសនិរតី​»​ ​ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មក​កម្សាន្ត​ ​។​

​ដោយឡែក​ ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ ​ក៏​នឹង​សិក្សា​រៀបចំ​ប្រព័ន្ធ​លូទឹកសម្អុយ​ ​និង​ទឹកភ្លៀង​ថ្មី​ ​ប្រ៉ប​ឆ្នេរ​ ​តាម​ស្តង់ដារ​បច្ចេកទេស​ ​ដោយ​តភ្ជាប់​ទៅ​នឹង​ស្ថានីយ​បូមទឹក​កខ្វក់​ទី៤​ ​(​អតីត​អា​រី​ស្តុ​ន​)​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង