មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ព្រមាន​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ប្រមូល​ថវិកា​មិន​ប្រក្រតី​

​ភ្នំពេញ​ ​៖​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​នៅ​ថ្ងៃទី២៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​បាន​អំពាវនាវ​ឱ្យ​ជន​ ​ឬ​ក្រុម​មួយចំនួន​ ​បញ្ឈប់​ជា​នូវ​សកម្មភាព​មិន​ប្រក​តី​មួយចំនួន​ ​ដែល​ប្រើប្រាស់​នូវ​ឈ្មោះ​ប្រមូល​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ប៉ុន្តែ​បែរជា​មិន​បម្រើ​នូវ​ផលប្រយោជន៍​របស់​មន្ទីរពេទ្យ​ទាំងស្រុង​នោះ​ទេ​ ​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ដែល​បាន​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​បញ្ជាក់​ថា​ ​ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃទី១១​ ​ខែមេសា​ ​ឆ្នាំ២០១៨កន្លងមក​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​បាន​ទទួលការ​បរិច្ចាគ​យ៉ាងច្រើន​កុះករ​ពីសំណាក់​មន្ត្រី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​ក្រុមហ៊ុន​ឯកជន​ ​អង្គការ​ ​សមាគមន៍​ ​និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​ក៏ដូចជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​ ​។​

​ជាមួយគ្នា​នេះ​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ក៏​សង្កេតឃើញ​មាន​សកម្មភាព​កៀរគរ​មូលនិធិ​ក្រោម​រូប​ភាព​ផ្សេង​ៗ​រួមមាន​ ​៖​ ​ការ​ប្រគុំ​តន្ត្រី​ ​ការ​លក់​ផលិតផល​ ​និង​ការ​ដើរ​រៃអង្គាស​ប្រាក់​ជាដើម​ ​ក្នុង​គោលបំណង​ប្រមែប្រមូល​ធនធាន​បរិច្ចាគ​ ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយ​ផ្ទាល់​ ​ឬ​តាមរយៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​។​

​ក្នុងនាម​អាណាព្យាបាល​កុមារ​ ​និង​ក្នុងនាម​មន្ទីរពេទ្យ​ផ្ទាល់​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ ​និង​ចលនា​កៀរគរ​ការ​បរិច្ចាគ​ទាំងអស់​ ​ដែល​ទាំងនេះ​សុទ្ធសឹង​ជា​កាយវិការ​សប្បុរសធម៌​ដ៏​ប្រសើរ​បំផុត​ ​ក្នុង​ការចូលរួម​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​ ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​ ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​ ​។​

​ទោះជាយ៉ាងណា​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ក៏​សង្កេតឃើញ​មាន​សកម្មភាព​មួយចំនួន​ ​ដំណើរការ​ ​ដោយមាន​លក្ខណៈ​មិន​សមរម្យ​ ​និង​មិន​ប្រក្រតី​ដែល​អាច​ជា​ការ​ឆ្លៀតឱកាស​ ​និង​មិន​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​មន្ទីរពេទ្យ​ទាំងស្រុង​ ​។​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​មិន​ប្រក្រតី​ទាំងនោះ​ ​បើ​ពុំ​ដូច្នេះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់​។​

​ដោយឡែក​ ​ចំពោះ​សកម្មភាព​កៀរគរ​ការ​បរិច្ចាគ​នានា​ ​ដែល​មាន​ឆន្ទៈ​បម្រើ​ដល់​ផលប្រយោជន៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ពិតប្រាកដ​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​សូម​លើកទឹកចិត្ត​មក​សហការ​ដោយ​ផ្ទាល់​ជាមួយ​លេខាធិការ​ដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​៖​ ​០៦១​ ​៧០១​ ​១១១​ ​ឬ​ ​០៩៦​ ​៧០១​ ​១១១១​ ​។​

​លេខាធិការ​ដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​រីករាយ​នឹង​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញទំហឹង​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ព្រមទាំង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​រូបសញ្ញា​របស់​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ក៏ដូចជា​ស្លាក​សញ្ញា​ផ្សេង​ៗ​ក្នុង​ការអនុវត្ត​សកម្មភាព​ស្របច្បាប់​នានា​ ​៕​

អត្ថបទ ៖​សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង