អេ​ហ្គ្រី​បា​ឌី​ ​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ពីរ​ ​ដែល​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ ​ហុងដា​ ​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​

ភ្នំពេញ​៖​ ​អេ​ហ្គ្រី​បា​ឌី​ ​(​Agribuddy​)​ ​ជា​ក្រុមហ៊ុន​ជប៉ុន​ ​ដែល​បាន​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​បំណង​លើកកម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​គុណភាព​ជីវិត​របស់​កសិករ​ខ្នាត​តូច​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ឥណ្ឌា​ ​បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ពីរ​ ​ដែល​ទទួល​បានការ​វិនិយោគ​ច្រើនជាង​គេ​បំផុត​ ​ពី​មូលនិធិ​អ្នក​វិនិយោគ​ ​KSK​ ​ដែល​ជា​មូលនិធិ​វិនិយោគ​មួយ​ ​បង្កើត​ឡើង​ដោយ​កីឡាករ​បាល់ទាត់​អាជីព​ល្បីឈ្មោះ​ជប៉ុន​ ​គឺ​លោក​ ​កេស៊ូ​កិ​ ​ហុងដា​ ​(​Keisuke​ ​Honda​)​ ​។​

​មូលនិធិ​វិនិយោគ​ ​KSK​ ​Angel​ ​Fund​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​ធ្វើ​ឱ្យ​ពិភពលោក​ក្លាយជា​ទីមនោរម្យ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ​តាមរយៈ​បេសកកម្ម​ក្នុង​ការបង្កើត​ឱ្យ​បាន​នូវ​សង្គម​មួយ​ដែល​គ្មាន​ភាព​ក្រីក្រ​ ​និង​មនុស្ស​គ្រប់គ្នា​ទទួល​បានការ​អប់រំ​ដោយ​ស្មើភាព​គ្នា​ ​។​

​លោក​ ​កេស៊ូ​កិ​ ​ហុងដា​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​យើង​បាន​មើលឃើញ​នូវ​សក្ដានុពល​ជាច្រើន​របស់​អេ​ហ្គ្រី​បា​ឌី​ ​ក្នុង​ការ​ផ្ដល់​សេវា​ដល់​កសិករ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ​តាមរយៈ​ប្រតិបត្តិ​ការសម្រប​សម្រួល​ហិរញ្ញប្បទាន​កសិកម្ម​ ​និង​ការស្វែងរក​ទីផ្សារ​ឱ្យ​បាន​ច្រើន​សម្រាប់​កសិផល​របស់​កសិករ​ ​។​ ​ទាំងអស់​នេះ​ ​មាន​ភាព​ស៊ីគ្នា​នឹង​បេសកកម្ម​របស់​យើង​”​ ​។​

​នាយក​ប្រតិបត្តិ​ ​និង​ជា​ស្ថាបនិក​របស់​អេ​ហ្គ្រី​បា​ឌី​ ​លោក​ ​ខេងហ្គោ​ ​គី​តួ​រ៉ា​ ​(​Kengo​ ​Kitaura​)​ ​បាន​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ​ ​ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ ​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុងនាម​ជា​មិត្ត​ដៃគូ​របស់​កសិករ​ ​។​

​លោក​ ​ខេងហ្គោ​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​នេះ​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​រំភើបចិត្ត​សម្រាប់​ពួក​យើង​ ​ស្រប​ពេល​ដែល​យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កសាង​សហគមន៍​កសិករ​ ​ឱ្យ​បាន​រឹងមាំ​ ​និង​លូតលាស់​រីកចម្រើន​ ​តាមរយៈ​ការ​ជួយ​សម្របសម្រួល​សកម្មភាព​ផលិតកម្ម​កសិករ​ ​និង​ការគ្រប់គ្រង​ចង្វាក់​តម្លៃ​កសិកម្ម​”​ ​។​

​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​“​យើង​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​កសិករ​របស់​យើង​នឹង​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​បំផុត​ ​ពី​ការ​ជួយ​គាំទ្រ​ ​និង​ការ​វិនិយោគ​ពី​លោក​ ​ហុងដា​នេះ​”​ ​។​

​លោក​ ​កេស៊ូ​កិ​ ​ហុងដា​ ​ជា​ជន​គំរូ​ម្នាក់​ ​មិនថា​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ ​ក៏​ជា​ឥស្សរ​ជ​នដែលចួល​រួម​នៅក្នុង​សកម្មភាព​មនុស្សធម៌​ ​និង​វិស័យ​អប់រំ​ ​និង​ជា​សហគ្រិន​ ​ក៏ដូចជា​អ្នក​បោះទុន​វិនិយោគ​ក្នុង​អាជីវកម្ម​បង្កើត​ថ្មី​ៗ​ផង​ដែរ​ ​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​ ​កេស៊ូ​កិ​ ​បាន​បង្កើត​សាលា​ហ្វឹកហាត់​បាល់ទាត់​ចំនួន​ ​៨០​ ​កន្លែង​ទូទាំង​សកលលោក​ ​ហើយក៏​ជា​អ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅក្នុង​វិស័យ​អាជីវកម្ម​បង្កើត​ថ្មី​ៗ​ផង​ដែរ​។​

​ក្រៅពី​នេះ​ ​លោក​ ​កេស៊ូ​កិ​ ​ហុងដា​ ​ក៏បាន​ចូលរួម​ជាមួយនឹង​ក្រុម​ហ៊ុន​អេ​ហ្គ្រី​បា​ឌី​ ​ក្នុងនាម​ជា​ទូត​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ថែមទៀត​ផង​ ​។​

​សម្រាប់​ក្រុមហ៊ុន​ ​អេ​ហ្គ្រី​បា​ឌី​ ​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ ​មាន​អ្នក​វិនិយោគ​មួយចំនួន​ ​រួមមាន​ ​Mistletoe​ ​លោ​ក​កេស៊ូ​កិ​ ​ហុងដា​ ​មូលនិធិ​អាជីវកម្ម​ឌីជីថល​ ​(​SADIF​)​ ​និង​ ​ក្រុមហ៊ុន​ ​Forte​ ​Investment​ ​Holdings​ ​ជាដើម​។​

​លោក​ ​យ៉ង់​ ​ប៉ាក់​ ​នាយក​ក្រុម​ហ៊ុន​អេ​ហ្គ្រី​បា​ឌី​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មូលនិធិ​ ​KSK​ ​នៅ​ទីក្រុង​តូក្យូ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ក្លាយជា​ក្រុមហ៊ុន​កំពូល​ចំនួន​ពីរ​លើ​បញ្ជី​វិនិយោគ​របស់​ឥស្សរជន​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ដូច្នេះ​ ​គឺជា​សមិទ្ធផល​មួយ​ដ៏​ធំធេង​សម្រាប់​អេ​ហ្គ្រី​បា​ឌី​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​កំពុងតែ​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ជំរុញ​សមត្ថភាព​ផលិតកម្ម​កសិកម្ម​។​

​លោក​ ​យ៉ង់​ ​ប៉ាក់​ ​មានប្រសាសន៍​ថា​៖​ ​ ​“​នេះ​ជា​ជោគជ័យ​មួយ​ដ៏​ធំធេង​របស់​ក្រុម​ការ​ងារ​អេ​ហ្គ្រី​បា​ឌី​ទាំងមូល​ ​ដែល​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើការងារ​ដើម្បី​បម្រើ​ដល់​កសិករ​ ​។​ ​ហើយ​ដំណឹង​នេះ​ ​នឹង​កាន់តែ​លើកទឹកចិត្ត​ដល់​យើង​ទាំងអស់គ្នា​ថែមទៀត​ឲ្យ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ ​និង​ធ្វើការងារ​កាន់តែ​ប្រសើរ​ជាង​មុន​ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​កសិកម្ម​របស់​យើង​”​ ​។​

​អេ​ហ្គ្រី​បា​ឌី​ ​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កសិកម្ម​ ​មួយ​ដែល​ ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០១៩​ ​បាន​ធ្វើការងារ​ជាមួយនឹង​កសិករ​រាប់ពាន់​នាក់​ ​ដែល​ដាំ​ដ​ណាំ​ស្រូវ​ ​ដំឡូង​ ​និង​ពោត​ ​នៅក្នុង​ខេត្ត​ចំនួន​ប្រាំពីរ​ ​គឺ​ខេត្តសៀមរាប​ ​បន្ទាយមានជ័យ​ ​ឧត្តរមានជ័យ​ ​បាត់ដំបង​ ​ប៉ៃលិន​ ​ពោធិ៍សាត់​ ​និង​កំពង់ធំ​ ​ដើម្បី​ជំរុញ​ការ​ដាំដុះ​ ​និង​លើកកម្ពស់​ជីវភាព​របស់​កសិករ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង