ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន​ ​៣២៧គ្រួសារ​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ទទួល​បាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា​

កំពង់ស្ពឺ​៖​ ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ ​មាន​ ​ចាស់ជរា​គ្មាន​ទីពឹង​ ​ស្ត្រី​មេម៉ាយ​មានកូន​ច្រើន​ក្នុង​បន្ទុក​ ​ជន​ពិការ​ ​កុមារ​កំព្រា​ ​និង​អ្នក​ផ្ទុកមេរោគ​អេដស៍​សរុប​ចំនួន​ ​៣២៧គ្រួសារ​ ​មក​ពី​ភូមិ​ចំនួន​ ​៣២​ ​ក្នុង​ឃុំ​ចំនួន​ ​៣​ ​នៃ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​បាន​ទទួលអំណោយ​មនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា​ ​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ជា​ប្រធាន​ ​តាមរយៈ​លោកស្រី​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ ​និង​សហការី​ ​រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ ​សមាជិក​សមាជិកា​នៃ​សាខា​កាកបាទក្រហម​កម្ពុជា​ ​ខេត្ត​កំពង់ស្ពឺ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី១១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នេះ​។​

​ពិធី​នេះ​ ​បា​នប្រារ​ព្វ​ឡើង​ ​នៅ​ទីតាំង​ចំនួន២​ ​ក្នុង​នោះ​ ​ទីតាំង​ទី១​ ​ក្នុង​បរិវេណ​វត្ត​សង្កែ​សាទប​ ​ក្នុង​ឃុំ​សង្កែ​សាទប​ ​មាន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ ​ទទួល​បាន​អំណោយ​មនុស្សធម៌​ចំនួន​ ​២៣៧គ្រួសារ​ ​មក​ពី​ឃុំ​សង្កែ​សាទប​ ​(​មាន១៥ភូមិ​)​ ​និង​ឃុំ​តា​សាល​ ​(​មាន៨ភូមិ​)​ ​ហើយ​ទីតាំង២​ ​នៅក្នុង​បរិវេណ​វត្ត​តាំង​របង​ ​មាន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ ​ទទួល​បាន​អំណោយ​មនុស្សធម៌​ចំនួន​ ​៩០គ្រួសារ​ ​មក​ពី​ឃុំ​ហោង​សំណំ​ ​(​មាន៩ភូមិ​)​។​

​ក្នុង​ពិ​ធិ​សំណេះសំណាល​ ​និង​ចែក​អំណោយ​មនុស្សធម៌​នោះ​ ​លោកស្រី​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គលេខាធិការ​ ​កាកបាទក្រហម​កម្ពុជា​ ​បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ​ក្នុង​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ ​និង​ការ​នឹក​រឭក​ ​អាណិត​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ ​នៅ​ទីនេះ​ ​ព្រមទាំង​ចាត់​ឱ្យ​នាំ​យក​មក​ជាមួយ​នូវ​អំណោយ​មក​ជូន​ដោយ​ផ្ទាល់ដៃ​ ​នា​ពេលនេះ​ ​គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ដល់​បងប្អូន​ជា​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ទាំងអស់​ ​ហើយ​អំណោយ​ ​ដែល​ចែក​ជូន​នា​ពេលនេះ​ ​គឺ​កាកបាទក្រហម​កម្ពុជា​ ​ទទួល​បាន​មក​ពី​ការចូលរួម​បរិច្ចាគ​ពី​សប្បុរសជន​នានា​ ​ជាពិសេស​ក្នុង​ឱកាស​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ ​៨​ ​ឧសភា​។​

​ជាមួយគ្នា​នេះ​ ​លោកជំទាវ​អគ្គលេខាធិការ​ ​ក៏បាន​ពាំនាំ​សារ​អំពាវនាវ​របស់​ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​ឱ្យ​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​ ​ដើម្បី​ការពារ​ ​ឬ​ទប់ស្កាត់​ពី​ជំងឺ​ដង្កា​ត់​ផ្សេង​ៗ​ ​និង​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​ ​គឺ​ត្រូវ​រស់នៅ​មាន​អនាម័យ​ ​និង​ហូបចុក​ដោយ​ត្រូវ​ពិសា​ទឹក​ឆ្អិន​ជាប្រចាំ​ ​ជាពិសេស​សូម​ប្រុងប្រយ័ត្ន​ ​និង​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់​ ​ដើម្បី​ជៀសវាង​ ​និង​ការពារ​កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម​ ​ដែល​កំពុង​រាលដាល​លើ​មនុស្ស​គ្រប់​វ័យ​ ​តាមរយៈ​ការ​ការពារ​កុំឱ្យ​មូស​ខាំ​ ​ដោយ​ត្រូវ​គេង​ក្នុង​មុង​គ្រប់ពេល​សម្រាក​ ​និង​ត្រូវ​បំបាត់​ជម្រក​មូស​ជុំវិញ​ផ្ទះ​ ​និង​ក្នុង​សហគមន៍​របស់​ខ្លួន​ ​តាមរយៈ​ការ​សម្អាត​បរិស្ថាន​ ​និង​អានាម័យ​ឱ្យ​បាន​ស្អាត​ជាប្រចាំ​ ​ពិសេស​លុបបំបាត់​ជ​ម្រា​ក​មូស​ ​ដូចជា​កន្លែង​មាន​ទឹកដក់​ ​សំបក​កំប៉ុង​ ​សំបក​កង់​ម៉ូតូ​កង់​ឡាន​ចាស់​ៗ​ជាដើម​ ​ព្រោះ​សុទ្ធតែ​ជា​កន្លែង​ ​និង​ប្រភព​ផ្តល់​កំណើត​មូស​ខ្លា​ ​ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ដល់​មនុស្ស​គ្រប់​វ័យ​។​

​ក្រៅពី​នេះ​ ​ក៏​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ​គ្រឿងស្រវឹង​ ​និង​ល្បែងស៊ីសង​ ​ដែល​ជា​ប្រភព​បង្ក​ឱ្យ​មាន​នូវ​អំពើ​ហិង្សា​ ​ចោរកម្ម​ ​និង​សម្លាប់​មនុស្សជា​ដើម​ ​ព្រមទាំង​ត្រូវ​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ ​តាមរយៈ​ការ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​ហាម​ដាច់ខាត​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ ​ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ​និង​ការ​បើកបរ​លើស​ល្បឿន​កំណត់​ជាដើម​។​ ​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​ទាំងអស់​ ​សូម​ទៅ​ពិនិត្យ​សុខភាព​ផ្ទៃពោះ​ ​នៅ​មណ្ឌលសុខភាព​ ​ឬមន្ទីរ​ពេទ្យ​ ​ដែល​នៅ​ជិត​ផ្ទះ​ឱ្យ​បាន​ទៀងទាត់​ ​និង​តាម​វេជ្ជបញ្ជា​ ​មានន័យថា​ ​ធ្វើ​យ៉ាងណា​ត្រូវ​ព្យាយាម​ពិនិត្យ​ផ្ទៃពោះ​ ​ឱ្យ​បាន​ ​៤ដង​មុន​ពេល​សម្រាល​។​

​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន​ ​៣២៧គ្រួសារ​ ​ក្នុង​ឃុំ​ចំនួន៣​ ​នៃ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​បាន​បង្ហាញ​ក្តី​សប្បាយរីករាយ​ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​កាកបាទក្រហម​កម្ពុជា​ ​ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​បាន​យកចិត្ត​ទុកដាក់​គិតគូរ​ពី​ជីវភាព​ ​និង​ការរស់នៅ​របស់​ពួកគាត់​។​ ​ទាំងអស់​នេះ​ ​បាន​បញ្ចាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​ ​សេចក្តី​ ​និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ ​គឺ​ផ្សារភ្ជាប់​ជានិច្ច​ជាមួយ​សុខទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ដូចគ្នា​ ​ហើយ​ធ្វើឡើង​ដោយ​មិន​ប្រកាន់បក្ស​ពួក​ ​រើសអើង​វណ្ណៈ​ ​ពណ៌​សប្បុ​រ​ ​មាន​ក្រ​ ​ស​ឬ​ខ្មៅ​ ​និងសាសនា​អ្វី​ឡើយ​ ​គឺ​ឱ្យ​តែ​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ ​និង​ងាយ​រងគ្រោះ​ ​ហើយ​រស់នៅ​លើទឹក​ដី​កម្ពុជា​ ​គឺ​ទទួល​បាន​ដោយ​ក្តីមេត្តា​ ​ករុណា​ ​និង​ការ​គិតគូរ​យកចិត្ត​ទុក​ដា​ក់​ដូច​ៗ​គ្នា​។​

​ប្រជាពលរដ្ឋ​ ​៣២៧គ្រួសារ​ក្នុង​គ្រួសារ​នី​មួយ​ៗ​ ​ទទួល​បាន​អង្ករ​ ​៣០គីឡូក្រាម​ ​មី១កេស​ ​ត្រីខ​ ​១០កំប៉ុង​ ​មុង១​ ​ភួយ១​ ​សារុង​ ​១​ ​ក្រមា១​ ​អាវយឺត​ ​១​ ​និង​ថវិកា​មួយចំនួន​។​ ​ដោយឡែក​ ​សាខា​កាកបាទក្រហម​កម្ពុជា​ ​ខេត្ត​កំពង់ស្ពឺ​ ​បាន​ឧបត្ថម្ភ​ក្នុង​ម្នា​ក់ៗ​ ​នំប៉័ង​ ​១ដើម​ ​និង​ទឹក​សុទ្ធ​ ​១ដប​។​

​បន្ទាប់ពី​បញ្ចប់​ពិធី​ចែក​អំណោយ​ទាំងពីរ​កន្លែង​រួចមក​ ​លោកស្រី​អគ្គលេខាធិការ​ ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ ​និង​នាំ​យក​អំណោយ​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​ ​៣គ្រួសារ​ ​នៅក្នុង​ឃុំ​ហោង​សំណំ​ ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​។​ ​គ្រួសារ​នី​មួយ​ៗ​ ​ទទួល​បាន​អង្ករ​ ​៣០គីឡូក្រាម​ ​មី១កេស​ ​ត្រីខ​ ​១០កំប៉ុង​ ​មុង១​ ​ភួយ១​ ​សារុង​ ​១​ ​ក្រមា១​ ​អាវយឺត​ ​១​ ​និង​ថវិកា​មួយចំនួន​។​ ​ដោយឡែក​ ​សាខា​កាកបាទក្រហម​កម្ពុជា​ ​ខេត្ត​កំពង់ស្ពឺ​ ​បាន​ឧបត្ថម្ភ​ក្នុង​ម្នា​ក់ៗ​ ​នំប៉័ង​ ​១ដើម​ ​និង​ទឹក​សុទ្ធ​ ​១ដប​។​

​សូម​បញ្ជាក់​ថា​ ​ក្នុង​ឱកាស​នោះ​ដែរ​ ​លោកស្រី​អគ្គលេខាធិការ​ ​ក៏បាន​នាំ​យក​ ​ទាន​វស្សា​មួយ​គូរ​ ​ទយ្យ​ទាន​ ​និង​បច្ច័យ​មួយចំនួន​ ​ប្រគេន​ដល់​វត្ត​សង្កែ​សាទប​ ​និង​វត្ត​តាំង​របង​ ​សម្រាប់​បុណ្យ​ចូល​ព្រះវស្សា​ ​ផង​ដែរ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង