បញ្ហា​ទឹក​លិច​នៅ​ផ្លូវ​លេខ៣១៥​ ​៥៩២​ ​ផ្សារ​មាន់អាំង​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ​នឹង​ ​ដោះស្រាយ​បាន​ក្រោយ​បញ្ចប់​ការ​ដាក់​លូ​

ភ្នំពេញ​៖​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុនJICA​ ​បាន​និង​កំពុង​ធ្វើសកម្មភាព​ដាក់​បំពង់​លូ​ ​នៅ​ផ្លូវ​លេខ៣១៥​ ​ផ្លូវ​លេខ៥៩២​ ​ផ្សារ​មាន់អាំង​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ​ហើយ​គម្រោង​នេះ​ ​នឹង​បញ្ចប់​ ​នៅ​ខែតុលា​ ​ឆ្នាំ២០២០​ ​ខាងមុខនេះ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​ ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹងកក់​ទី២​ ​ខណ្ឌទួលគោក​។​

​លោក​ ​សាំ​ ​ពិសិដ្ឋ​ ​ប្រធានមន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បានឱ្យ​ដឹង​ថា​ ​ការងារ​ដាក់​លូ​ផ្លូវ​លេខ៣១៥​ ​ដែល​ជា​គម្រោងការ​ពារ​ទឹកជំនន់​ជំហាន៤​ ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុនJICA​ ​គិត​មកដល់​ថ្ងៃទី១១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​បានសម្រេច​ការងារ​មួយចំនួន​ ​ដូច​ខាងក្រោម​៖​

​-​ដាក់​លូ​ប្រអប់​ទំហំ​ ​២ម៉ែត្រ​×​២ម៉ែត្រ​ ​ប្រវែង​ ​៦០ម៉ែត្រ​ ​ចាប់ពី​ផ្លូវ​លេខ​ ​៣១៥​ ​ដល់​អាង​ស្តុក​ទួលគោក១​ ​(​ត្រឡោក​បែក​)​

​-​ដាក់​លូ​មូល​មុខកាត់​ទំហំ​ ​២ម៉ែត្រ​ប្រវែង​ ​១៨២៤ម៉ែត្រ​ ​ចាប់ពី​ផ្លូវ​លេខ​ ​៥១៦​ ​ដល់​ផ្លូវ​លេខ​ ​៦០៨​។​

​លោក​បញ្ជាក់​ថា​ការងារ​នេះ​ ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី១៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​គ្រោង​នឹង​បញ្ចប់​នៅ​ ​ខែតុលា​ ​ឆ្នាំ២០២០​ ​ខាងមុខ​។​ ​ក្រោយ​បញ្ចប់​ការដ្ឋាន​នេះ​ ​វា​នឹងអាច​ដោះស្រាយ​បញ្ហា​ទឹក​លិច​បាន​ ​នៅ​ផ្លូវ​លេខ៣១៥​ ​ផ្លូវ​លេខ៥៩២​ ​ផ្សារ​មាន់អាំង​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹងកក់​ទី២​ ​ខណ្ឌទួលគោក​។​

​គួរ​បញ្ជាក់​ថា​ ​គម្រោងការ​ពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជំហាន​ទី៤នេះ​ ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​៣០លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុនJICA​។​ ​គម្រោង​នេះ​ ​នឹង​ត្រូវ​អនុវត្ត​ការដ្ឋាន​ដូច​ខាងក្រោម​ក្នុង​នោះ​រួមមាន​៖​

​១​–​ដាក់​បណ្តាញ​លូ​មេ​ ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ប្រវែង​ ​៨,២គីឡូម៉ែត្រ​។​

​២​–​ដាក់​បណ្តាញ​លូ​មេ​ ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង​ ​៤,៤គីឡូម៉ែត្រ​។​

​៣​–​សាងសង់​អាងស្តុកទឹក​ក្រោម​ដី​ ​និង​សាងសង់​ស្ថានីយ​បូមទឹក​ ​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​CDC​។​

​៤​-​ ​ដំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ​ ​ដើម្បី​ប្រមូល​សំរាម​ ​នៅមុខ​ផ្លូវ​បង្ហូរទឹក​ ​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គន្លង់១​ ​ព្រះ​គន្លង់២​ ​និង​ផ្សារចាស់​។​

​៥​–​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន​ ​២គ្រឿង​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង