បទ​វិភាគ​៖​ ​ការលាលែង​របស់​មេដឹកនាំ​ហុងកុង​ ​មិន​អាច​ចៀស​ផុត​ទេ​

​ហុងកុង​៖​ ​ថ្មី​ៗ​នេះ​ ​មេដឹកនាំ​ទីក្រុង​ហុងកុង​ ​លោកស្រី​ ​ខា​រី​ ​ឡាម​ ​(​Carrie​ ​Lam​)​ ​បាន​ធ្វើការ​សូមអភ័យទោស​ ​និង​ពន្យល់​ចំពោះ​សេចក្ដីព្រាង​ច្បាប់​ស្តី​ពី​បត្យាប័ន​ ​ខណៈ​មានការ​យល់ឃើញ​មួយចំនួន​ ​ថា​ ​ការលាលែង​ពី​តំណែង​របស់​លោកស្រី​ ​មិន​អាច​ជៀស​ផុត​ឡើយ​ ​គ្រាន់តែ​មិនដឹង​យូរ​ ​ឬ​ ​ឆាប់​ ​ប៉ុណ្ណោះ​។​ ​មេដឹកនាំ​ហុងកុង​ ​បាន​អះអាង​ថា​ ​សេចក្ដីព្រាង​ច្បាប់​ ​ដែល​អាច​ឱ្យ​ទីក្រុង​ប៉េកាំង​នាំ​ជនសង្ស័យ​ពី​ហុងកុង​ ​ទៅកាត់​ទោស​នៅ​ចិន​ដី​គោក​នោះ​ ​ត្រូវ​បាន​សភា​ហុងកុង​ ​ទម្លាក់​ចោល​ហើយ​។​ ​យ៉ាងណា​ ​ក្រុមសកម្ម​ជន​-​អ្នក​តវ៉ា​ ​ភាគ​ច្រើន​ជា​យុវជន​ ​បាន​បង្ហាញ​ការ​មិន​ជឿជាក់​លើ​សម្ដី​របស់​លោកស្រី​នោះ​ទេ​ ​ហើយ​នៅតែ​ទាមទារ​ឱ្យ​គាត់​ ​ចុះចេញ​ពី​តំណែង​។​ ​ពួកគេ​ ​ក៏​ព្រមាន​ធ្វើការ​តវ៉ា​ប្រឆាំង​បន្ត​ទៀត​ ​នៅពេល​ខាងមុខ​។​

​ក្រុម​ខ្លះ​ ​បាន​ប្រកាស​ថា​ ​ពួកគេ​ ​តវ៉ា​នៅចំពោះមុខ​ពាណិជ្ជករ​ចិនដីគោក​ ​នៅ​ភូមិ​មួយ​ដែល​នៅ​ជិត​ហុងកុង​ ​និង​មាន​ព្រំប្រទល់​ជាមួយ​ចិន​ ​ដែល​អាច​បង្ខំ​ឱ្យ​ទីក្រុង​ប៉េកាំង​ ​មាន​វិធានការ​ជាបន្ទាន់​ ​ខណៈ​លោកស្រី​ ​ឡាម​ ​បាន​អះអាង​ថា​ ​គាត់​នឹង​បន្ត​ដឹកនាំ​។​ ​មានការ​យល់ឃើញ​មួយចំនួន​ ​បានឱ្យ​ដឹង​ថា​ ​ទីក្រុង​ប៉េកាំង​ ​បាន​ផ្ដល់​ជម្រើស​សម្រាប់​លោកស្រី​ក្នុង​ការ​ដើរចេញ​ពី​តំណែង​បច្ចុប្បន្ន​របស់​គាត់​។​

​ពេល​ត្រូវ​បាន​អ្នកកាសែត​សួរ​ទាក់ទង​នឹង​ការលាលែង​ ​លោកស្រី​ ​ឡាម​ ​ដែល​នៅសល់​រយៈពេល២ឆ្នាំ​ទៀត​ទើប​ចប់​អាណត្តិ​ ​(​៥ឆ្នាំ​)​ ​បាន​ឆ្លើយតប​ថា​ ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ​សម្រាប់​តំណែង​របស់​គាត់​ ​ក្នុង​ការ​ដើរចេញ​។​ ​មតិ​មួយចំនួន​ ​យល់ថា​ ​ប្រសាសន៍​របស់​លោកស្រី​ ​ជា​សញ្ញា​បង្ហាញថា​ ​គាត់​ទទួល​បាន​សំណើ​ឱ្យ​លាលែង​ហើយ​ ​គ្រាន់តែ​ទីក្រុង​ប៉េកាំង​ ​រង់ចាំ​ពេលវេលា​ដ៏​សក្ដិសម​មួយ​ ​ហើយ​មិនមែន​ចង់ឱ្យ​ឈប់​ក៏​ឈប់​ ​តាមតែ​ចិ​ត្ត​ងាយ​ៗ​នោះ​ទេ​។​

​មេដឹកនាំ​នៅ​ទីក្រុង​ប៉េកាំង​ ​នឹង​ត្រូវ​ថ្លឹងថ្លែង​ពី​ហានិភ័យ​ ​ទាំង​ក្នុង​ស្រុក​ ​ទាំង​ក្នុង​តំបន់​ ​ហើយនឹង​ត្រូវ​ស្វែងរក​អ្នក​ដែល​មាន​សមត្ថភាព​មក​ជំនួស​លោកស្រី​ ​ឡាម​ ​ដែល​វា​មិនមែន​ជា​រឿង​អាច​ធ្វើ​ទៅរួច​ក្នុងរយៈពេល​ ​២​-​៣ថ្ងៃ​ ​ឡើយ​។​ ​ក្រោម​កិច្ច​ព្រមព្រៀង​ដែល​ចក្រភព​អង់គ្លេស​ ​បាន​ប្រគល់​ហុងកុង​ទៅ​ឱ្យ​ចិន​វិញ​ ​កាលពី​ឆ្នាំ១៩៩៧​ ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​រួម​ទាំង​តុលាការ​ឯករាជ្យ​ ​និង​សិទ្ធិ​ធ្វើបាតុកម្ម​។​

​ទីក្រុង​ប៉េកាំង​ ​អាច​នឹង​ឱ្យ​លោកស្រី​ ​ឡាម​ ​ធ្វើការ​ស្ដារ​មុខមាត់​ឡើងវិញ​ ​ក្រោយ​ខូចខាត​ដោយសារ​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​ ​មុននឹង​អនុញ្ញាត​ឱ្យ​លោកស្រី​ ​ចុះចេញ​ដើម្បី​ជួយ​ស្វែងរក​អ្នក​មក​ជំនួស​។​ ​ក្នុងរយៈពេល​ខ្លី​ ​ទីក្រុង​ប៉េកាំង​ ​មិន​ចង់ឱ្យ​មាន​ចន្លោះប្រហោង​លើ​រូបភាព​នៃ​គោលនយោបាយ​ ​"​ប្រទេស​មួយ​ ​ប្រព័ន្ធ​ពីរ​"​ ​មុន​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ ​ក្នុង​ខែមករា​ ​ឆ្នាំ២០២០​ ​ខាងមុខ​ទេ​។​ ​គោលនយោបាយ​ ​ប្រទេស​មួយ​ ​ប្រព័ន្ធ​ពីរ​ ​នឹង​ត្រូវ​បាន​មេដឹកនាំ​ប៉េកាំង​ ​ប្រើប្រាស់​ជា​គំរូ​សម្រាប់​តៃវ៉ាន់​ ​ដែល​ខ្លួន​ចាត់ទុកជា​ខេត្ត​មួយ​របស់​ខ្លួន​។​ ​តែ​ទីក្រុង​តៃប៉ិ​ ​បាន​បដិសេធ​ក្នុង​ការ​ទទួលយក​គោ​លន​យោ​បាយ​នេះ​។​

​មតិ​មួយទៀត​ជឿ​ថា​ ​បើ​លោកស្រី​ ​ឡាម​ ​ចុះចេញ​ក្នុង​ពេលនេះ​ ​វា​បង្ហាញ​ប្រាប់​តៃវ៉ាន់​ ​និង​សហគមន៍​អន្តរជាតិ​ថា​ ​ទីក្រុង​ប៉េកាំង​ ​កំពុង​ចុះញ៉ម​នឹង​សម្ពាធ​។​ ​ទោះជា​យ៉ាងនេះ​ក្ដី​ ​អ្នកវិភាគ​មួយចំនួន​ ​យល់ថា​ ​លោកស្រី​ ​ឡាម​ ​បាន​បង្ក​គ្រោះថ្នាក់​ដល់​របៀប​វរៈ​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជិន​ពីង​ ​ដែល​បង្ក​ការ​លំបាក​កាន់តែ​ខ្លាំង​ ​សម្រាប់​រដ្ឋាភិបាល​ចិន​ ​ក្នុង​ការ​ចេញច្បាប់​សន្តិសុខ​ថ្មី​មួយ​ ​នៅ​ហុងកុង​ ​និង​កាន់តែ​បំផុស​ឱ្យ​មានការ​ទាមទារ​កំណែទម្រង់​ផ្នែក​ប្រជាធិបតេយ្យ​។​

​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ​នៅ​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ​នេះ​ ​បាន​រំឭក​ឱ្យ​បានឃើញ​ពី​ជោគវាសនា​របស់​អតីត​មេដឹកនាំ​ហុងកុង​ ​ដែល​បាន​សន្យា​ធ្វើ​ឱ្យ​មានការ​បង្រួបបង្រួម​នៅ​ទីក្រុង​ហុងកុង​ ​នោះ​គឺ​លោក​ ​Tung​ ​Chee​-​Hwa​ ​។​ ​លោក​ ​Tung​ ​ត្រូវ​បាន​ស្នើ​ឱ្យ​លាលែង​ពី​តំណែង​ជាបន្ទាន់​ ​បន្ទាប់ពី​មានការ​តវ៉ា​ដែល​មាន​មនុស្ស​ចូលរួម​ប្រហែល​ ​កន្លះ​លាន​នាក់​ ​កាលពី​ឆ្នាំ២០០៣​ ​ដើម្បី​ប្រឆាំង​នឹង​សេចក្ដីព្រាង​ច្បាប់​សន្តិសុខជាតិ​ ​ដែល​ត្រូវ​បាន​ទម្លាក់​ចោល​ផង​ដែរ​។​ ​ប្រហែល២ឆ្នាំក្រោយ​មក​ ​ពោល​គឺ​នៅ​ពាក់កណ្ដាល​អាណត្តិ​ទី២​ ​របស់​ខ្លួន​ ​លោក​ ​Tung​ ​ក៏បាន​លាលែង​ពី​តំណែង​។​ ​សម្ដី​មួយ​ឃ្លា​របស់​លោក​នៅពេល​នោះ​គឺ​ ​"​ទៅ​វា​ស្រួល​ ​នៅ​វា​កាន់តែ​ពិបាក​"​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង