ជំងឺស្វាយ​អត់​ស្ងាត់​ទេ​!​ ​៥ខែ​ ​ទារក​រាប់​រយ​នាក់​ទើប​កើត​នៅ​ថៃ​ ​សុទ្ធតែ​មាន​ជំងឺ​នេះ​

​ថៃ​ ​៖​ ​ស្រប​ពេល​រដ្ឋាភិបាល​ថៃ​ថ្មី​ៗ​នេះ​ ​ទើប​បង្ហាញ​ក្តី​បារម្ភ​ពី​ករណី​ជំងឺស្វាយ​ ​កំពុង​ផ្ទុះ​យ៉ាង​គំហុក​ទូទាំង​ប្រទេស​ ​ក្រសួងសុខាភិបាល​ថៃ​ ​ក៏បាន​បញ្ចេញ​តួលេខ​ទារក​ទើប​កើត​ ​ដល់ទៅ​ជាង​ ​២០០នាក់​ ​មាន​ផ្ទុក​ជំងឺស្វាយ​ ​ត្រឹម​រយៈពេល​ជាង​ ​៥ខែ​ ​ដើមឆ្នាំ​ ​២០១៩​ ​។​

​យោង​តាម​ ​www.hellokrupet.com​ ​លោក​ ​Sukhum​ ​Karnchanapimai​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ​ ​បញ្ជាក់​ថា​ ​ទារក​ ​២៤៩នាក់​ ​កើតមក​មាន​ផ្ទុក​ជំងឺស្វាយ​ ​ដោយសារ​ម្ដាយ​របស់​ពួកគេ​ ​មាន​ផ្ទុក​ជំងឺ​នេះ​ ​ខណៈ​ជំងឺ​កាមរោគ​ប្រភេទ​នេះ​ ​ងាយ​ឆ្លង​បំផុត​តាម​ការ​រួមភេទ​ ​ឈាម​ ​និង​ពី​ម្ដាយ​ទៅ​កូន​ ​។​

​មន្រ្តី​ជាន់ខ្ពស់​ថៃ​រូប​នេះ​បន្ដ​ថា​ ​គិត​ពី​ថ្ងៃទី​ ​១​ ​ខែមករា​ ​ដល់​ថ្ងៃទី​ ​១៣​ ​ខែឧសភា​ ​២០១៩​ ​មនុស្ស​ ​ប្រមាណ​ ​៣.០៨០នាក់​ ​មាន​រោគសញ្ញា​ជំងឺស្វាយ​ ​ដោយ​ ​៤០​%​ ​មាន​អាយុ​ ​ពី​ ​១៥​-​២៤​ ​ឆ្នាំ​ ​និង​ ​២៤​%​ ​អាយុ​ពី​ចន្លោះ​ ​២៥​-​៣៤​ ​ឆ្នាំ​ ​។​ ​លោក​បន្ថែម​ថា​ ​តួលេខ​នេះ​ ​កើតឡើង​ដោយសារ​យុវជន​ ​រួមភេទ​ដោយ​មិន​មាន​សុវត្ថិភាព​ ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​លោក​បាន​ណែនាំ​ប្រធានមន្ទីរ​សុខភាព​តាម​បណ្តា​ខេត្ត​ ​ពិនិត្យមើល​លើ​ស្ថានភាព​ជំងឺ​ ​និង​បង្ការ​ជំងឺ​នេះ​ ​កុំឱ្យ​រាលដាល​បន្ដ​ទៀត​ ​និង​ជំរុញ​ពលរដ្ឋ​ការពារ​ខ្លួន​ ​ដោយ​ប្រើ​ស្រោមអនាម័យ​ ​ចៀសវាង​រួមភេទ​ជាមួយ​ដៃគូ​ច្រើន​ ​និង​ធ្វើតេស្ដ​ឈាម​ឱ្យ​បាន​ទៀតទាត់​។​ ​លោក​ថា​”​ស្ត្រី​មានផ្ទៃពោះ​ ​រួម​ជាមួយ​ប្ដី​ ​ក៏​គួរ​ទៅ​ធ្វើតេស្ដ​ឈាម​“​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង