ភារធារី​ស្ថានទូត​អាមេរិក​ ​អះអាង​ថា​ ​នឹង​នាំ​ក្រុមហ៊ុន​អាមេរិក​ ​មក​វិនិយោគ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​លោក​ ​Michael​ ​Newbill​ ​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ​បាន​អះអាង​ថា​ ​នឹង​នាំ​ក្រុមហ៊ុន​របស់​អាមេរិក​មក​វិនិយោគ​ផ្នែក​ថាមពល​អគ្គិសនី​ ​នៅ​កម្ពុជា​ ​ដើម្បី​ជួយ​ដោះស្រាយ​តម្រូវការ​ថាមពល​ ​។​ ​នេះ​បើ​យោង​តាម​សំណេរ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​។​

​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​បាន​ដកស្រង់​សម្តី​លោក​ភារធារី​ ​Michael​ ​Newbill​ ​ថា​៖​ ​“​ស្ថានទូត​អាមេរិក​មានបំណង​ចង់​ជួយ​នាំ​ក្រុមហ៊ុន​អាមេរិក​ច្រើន​ថែមទៀត​មក​កម្ពុជា​ ​ដើម្បី​រកមើល​វិធី​ធ្វើជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​ដើម្បី​ដោះស្រាយ​តម្រូវការ​ថាមពល​របស់​ប្រទេស​កម្ពុជា​”​ ​។​

​ទំព័រ​ហ្វេ​សប៊ុ​ក​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​ការ​លើកឡើង​របស់​ភារ​ភារី​នៃ​ប្រទេស​មហាអំណាច​លើ​ពិភពលោក​រូប​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​អគ្គិសនី​កម្ពុជា​ ​លោក​ ​កែវ​ ​រតនៈ​ ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​បំពេញ​តម្រូវការ​ថាមពល​ដែល​ចេះតែ​កើនឡើង​ ​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ចក្ខុវិស័យ​ថាមពល​ឆ្នាំ២០២០​ ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ ​កាលពី​ថ្ងៃទី៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​។​

​គួរ​រម្លឹក​ផង​ដែរ​ថា​ ​ក្រុម​ហ៊ុន​ធំៗ​ចំនួន១៥របស់​សហរដ្ឋអាមេរិក​ ​ដែល​ក្នុង​នោះ​ ​រួមមាន​ទាំង​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​ផង​នោះ​ ​បាន​កំពុងតែ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​ ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ថាមពល​ ​និង​បច្ចេកវិទ្យា​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង