បទ​វិភាគ​៖​ ​យុទ្ធសាស្ត្រ​គាំពារ​សុខភាព​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​វៀតណាម​

​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​សម្រេច​បាន​នូវ​ការធានា​រ៉ាប់រង​សុខភាព​សាកល​ឆ្នាំ២០៣០​ ​ដែល​ជាផ្នែក​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​។​ ​ក៏ប៉ុន្តែ​ប្រទេស​មួយចំនួន​ ​បាន​វិវឌ្ឍ​លឿន​ជាង​ប្រទេស​មួយចំនួន​ទៀត​ ​ក្នុង​ការ​ផ្ដល់​សមភាព​ទទួល​បាន​សេវា​គាំពារ​សុខភាព​ ​និង​ផ្ដល់​ជូន​នូវ​តម្លៃ​សមរម្យ​ផ្នែក​ឱសថ​ ​និង​វ៉ាក់សាំង​។​ ​វៀតណាម​ ​គឺជា​ប្រទេស​មួយ​ ​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំងនោះ​ផង​ដែរ​។​

​បច្ចុប្បន្ន​ ​ប្រជាជន​វៀតណាម​ជិត​ ​៨៨​%​ ​ឬ​ជិត​ ​៨៤លាន​នាក់​ ​ទទួល​បានការ​ធានារ៉ាប់រង​សុខភាព​។​ ​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​និង​ធនាគារពិភពលោក​ ​បាន​បង្ហាញថា​ ​កុមារ​វៀតណាម​ ​៩៧​%​ ​ទទួល​បានការ​គាំពារ​សុខភាព​ ​បើ​ធៀប​នឹង​កុមារ​ ​៩៥​%​ ​នៅ​សហរដ្ឋអាមេរិក​។​ ​ចាប់ពី​ឆ្នាំ១៩៩០មក​ ​អត្រាមរណៈ​មាតា​ ​បាន​ធ្លាក់ចុះ​ ​៧៥​%​ ​នៅ​វៀតណាម​។​

​ជោគជ័យ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ​ ​គឺ​មិនមែន​ដោយសារ​ទំហំ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ថែទាំ​សុខភាព​ដែល​មានត្រឹមតែ​ ​១៤២ដុល្លារ​សម្រាប់​មនុស្សម្នាក់​ក្នុង​មួយឆ្នាំ​ឡើយ​ ​ក៏ប៉ុន្តែ​ការ​ចេះ​ប្រើប្រាស់​ធនធាន​ ​របស់​រដ្ឋាភិបាល​វៀតណាម​ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្លួន​ ​ទទួល​បានការ​គាំពារ​សុខភាព​ដ៏​ល្អ​ប្រសើរ​។​

​ក្រសួងសុខាភិបាល​វៀតណាម​ ​បាន​ចេញ​គម្រោង​គាំពារ​សុខភាព​មួយ​ ​ដែល​តម្រូវ​ឱ្យ​មន្ទីរ​ថ្នាក់​ខេត្ត​ ​និង​ថ្នាក់​កណ្ដាល​ទាំងអស់​ ​ចូលរួម​ជួយ​ពង្រឹង​ការ​អភិវឌ្ឍ​សមត្ថភាព​នៅ​ថ្នាក់​ស្រុក​ ​ខណ្ឌ​ ​និង​សហគមន៍​។​ ​គោលដៅ​ចម្បង​របស់​គម្រោង​នេះ​ ​គឺ​ការផ្ទេរ​សេវា​គាំពារ​ពី​មន្ទីរ​ថ្នាក់ខ្ពស់​ ​មក​ថ្នាក់ទាប​។​ ​ប្រជាជន​វៀតណាម​ ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យទៅ​ទទួល​សេវា​គាំពារ​នៅ​មូលដ្ឋាន​ ​ជាជាង​ការ​ទៅ​ស្វែងរក​សេវា​នៅ​មន្ទីរពេទ្យ​ក្រុង​ ​ដែល​អាច​បង្ក​ការ​ចំណាយ​ប្រាក់កាស​ច្រើន​ ​ហើយ​មិន​អាច​ធានា​សេវា​គាំពារ​ដ៏​មានប្រសិទ្ធភាព​ឡើយ​។​

​ដូច្នេះ​ ​ដើម្បី​ធានា​បាន​នូវ​តម្លៃ​សមរម្យ​ ​និង​គុណភាព​នៃ​មណ្ឌលសុខភាព​ ​វៀតណាម​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​អវិជ្ជមាន​មក​លើ​មណ្ឌលសុខភាព​ ​ដោយ​ត្រូវ​ជឿជាក់​ ​លើ​ការ​ព្យាបាល​ដូចជា​ ​ជំងឺគ្រុនចាញ់​ ​ទឹកនោម​ផ្នែក​ ​ជាដើម​។​ ​ដើម្បី​អាច​ទៅរួច​ ​មណ្ឌលសុខភាព​ទាំងអស់​ ​ត្រូវ​ពង្រឹ​ក​ទំនាក់ទំនង​ជាមួយ​សហគមន៍​មូលដ្ឋាន​ ​ដោយ​ផ្ដល់​សេវាកម្ម​មួយ​ដែល​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកជំងឺ​។​ ​ជាង​នេះ​ទៅទៀត​ ​មន្ត្រី​សុខាភិបាល​មូលដ្ឋាន​ ​ត្រូវ​ផ្ដល់​ការយល់​ដឹង​ដល់​សហគមន៍​ ​ក្នុង​ការ​ថែរក្សា​សុខភាព​ ​និង​ជៀសវាង​ជំងឺ​ដង្កា​ត់​ផ្សេង​ៗ​។​ ​ភាព​ជោគជ័យ​នេះ​ ​គឺ​អាស្រ័យ​លើ​ការ​ផ្ដល់​ជូន​នូវ​លក្ខខណ្ឌ​ការងារ​ដ៏​ល្អ​ប្រសើរ​ ​និង​ការ​បណ្ដុះបណ្ដាល​និង​គាំទ្រ​ ​ជាប្រចាំ​ពីសំណាក់​រដ្ឋាភិបាល​។​

​ឆ្លើយតប​នឹង​តម្រូវការ​នេះ​ ​រដ្ឋាភិបាល​វៀតណាម​ ​បាន​បង្កើត​ ​ក្រុមការងារ​សម្រាប់​ការផ្លាស់ប្ដូរ​សេវា​គាំពារ​សុខភាព​បឋម​ ​ដែល​ដឹកនាំ​ដោយ​ក្រសួងសុខាភិបាល​ ​និង​អ្នក​ពាក់ព័ន្ធ​ពី​វិស័យ​ឯកជន​ ​អង្គការ​មិន​រក​ប្រាក់កម្រៃ​ ​និង​សាធារណៈ​។​ ​ដៃគូ​ស្ថាបនិក​នៃ​ក្រុមការងារ​នេះ​ ​មាន​ដូចជា​ ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​សាលា​ ​Harvard​ ​Medical​ ​School​ ​នៅ​អាមេរិក​ ​និង​ ​ក្រុមហ៊ុន​ស្វីស​ ​Novartis​ ​។​ ​គោលដៅ​របស់​ក្រុមការងារ​នេះ​ ​គឺ​ធ្វើការ​បង្ហាញ​នូវ​ការថែទាំ​បឋម​ ​នៅ​ខេត្ត​ចំនួន​ ​៣០​ ​នៅ​វៀតណាម​ ​និង​ផ្ដល់​មេរៀន​ដល់​មន្ត្រី​សុខាភិបាល​។​ ​ដៃគូ​នានា​របស់​ក្រុមការងារ​ដដែល​ ​មាន​ទំ​នួស​ខុស​ត្រូវ​ផ្សេង​ៗ​គ្នា​។​

​វៀតណាម​ ​នឹង​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ​ដែល​ត្រូវ​ដោះស្រាយ​ ​ដូចជា​ ​បញ្ហា​បរិស្ថាន​ ​និង​បញ្ហា​អាកប្ប​ក​រិយា​ ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ ​និង​បង្ក​ជំងឺ​ ​ជាពិសេស​អត្រា​ខ្ពស់​នៃ​ការ​ជក់បារី​ ​អត្រា​ទទួលទាន​គ្រឿងស្រវឹង​ ​និង​ការ​បំពុលបរិស្ថាន​។​ ​វៀតណាម​ ​ក៏​ជា​ប្រទេស​មួយ​ដែល​វិវឌ្ឍ​ទៅជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។​ ​កំណែទម្រង់​ការ​គាំពារ​សុខភាព​ ​ត្រូវ​បន្ត​អនុវត្ត​ ​ដោយ​រដ្ឋាភិបាល​វៀតណាម​ ​ត្រូវ​មានការ​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​នៅ​គ្រប់​កម្រិត​។​ ​យ៉ាងណាមិញ​ ​ដំណើរការ​ឈាន​ទៅ​រក​ធារា​រ៉ាប់រង​សុខភាព​ជាសាកល​របស់​វៀតណាម​ ​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​ ​ដោយសារតែ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ ​និង​ឯកជន​។​ ​ចំពោះ​ប្រទេស​ដែល​កំពុង​ជួប​ផល​លំបាក​ក្នុង​ការសម្រេច​គោលដៅ​នេះ​ ​ដូចជា​ ​ថៃ​ ​និង​ឥណ្ឌូណេស៊ី​ ​ពួកគេ​កំពុង​សម្លឹងឃើញ​ដោយ​យក​វៀតណាម​ជា​គំរូ​៕​

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង