បទ​វិភាគ​៖​ ​ជប៉ុន​-​កូរ៉េ​ខាងត្បូង​ ​ធ្លាក់​ចូល​វិបត្តិ​ដ៏​គ្រោះថ្នាក់​ ​ខណៈ​អាមេរិក​ ​មិន​អើពើ​

បរទេស​៖​ ​ជម្លោះ​រវាង​ជប៉ុន​ ​និង​ ​កូរ៉េ​ខាងត្បូង​ ​បាន​រើប​ឡើងវិញ​ ​បន្ទាប់ពី​ភាព​ស្ងប់ស្ងាត់​ក្រោយ​ទំនាស់​អាណានិគម​ជប៉ុន​លើ​កូរ៉េ​ ​ចន្លោះ​ឆ្នាំ១៩១០​-​១៩៤៥​។​ ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​អាបេ​ ​ស៊ីន​ហ្ស៊ូ​ ​បាន​ដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាងត្បូង​ ​ដោយ​ដាក់កំហិត​លើ​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ ​និង​អេក្រង់​កុំព្យូទ័រ​។​ ​ទណ្ឌកម្ម​របស់​ជប៉ុន​លើ​កូរ៉េ​ខាងត្បូង​ ​បាន​ចូលជាធរមាន​នៅ​ថ្ងៃទី៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​។​



​អាណានិគម​ជប៉ុន​ ​លើ​កូរ៉េ​ ​បាន​បញ្ចប់​ជាង​ ​៧ទសវត្សរ៍​មក​ហើយ​ ​ក៏ប៉ុន្តែ​ប្រវត្តិសាស្ត្រ​នេះ​ ​នៅតែ​បង្ក​ភាព​តានតឹង​ចំពោះ​ប្រទេស​ទាំងពីរ​ ​មកទល់​ពេល​បច្ចុប្បន្ន​។​ ​ជម្លោះ​រវាង​កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​ ​ដែល​ជា​ដៃ​គូ​ពាណិជ្ជក​ម្ម​ដ៏​សំខាន់​ ​និង​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ ​បាន​អូស​បន្លាយ​អស់​រយៈពេល​យ៉ាង​យូរ​ ​ដោយ​កូរ៉េ​ ​ទាមទារ​សំណង​សម្រាប់​ជនជាតិ​កូរ៉េ​ ​ចំនួន​ ​២ក្រុម​ ​គឺ​ ​កម្មករ​រោងចក្រ​-​អណ្ដូងរ៉ែ​ ​ដែល​បម្រើ​ឱ្យ​សង្គ្រាម​របស់​ជប៉ុន​ ​និង​ ​ស្ត្រី​កូរ៉េ​ ​ដែល​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​បម្រើ​ចំណង់​ផ្លូវភេទ​របស់​កងទ័ព​ជប៉ុន​។​ ​ចំណែក​ ​ជប៉ុន​ ​បាន​អះអាង​ថា​ ​ភាគី​ទាំងពីរ​ ​បាន​ដោះស្រាយ​គ្នា​បាន​រួចរាល់​ ​ក្រោម​សន្ធិសញ្ញា​ទ្វេភាគី​មួយ​កាលពី​ឆ្នាំ១៩៦៥​ ​និង​មូលនិធិ​មួយ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ២០១៥​។​ ​ផ្ទុយទៅវិញ​ ​ទីក្រុង​សេអ៊ូល​ ​ថា​ ​ជប៉ុន​ ​មិនទាន់​សង​គ្រប់គ្រាន់​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅឡើយ​។​



​ជាទូទៅ​ ​សហរដ្ឋអាមេរិក​ ​តែងតែ​ខ្វល់ខ្វាយ​ពីអ​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​ ​បង្កឡើង​ដោយ​កូរ៉េខាងជើង​ ​និង​ចិន​ ​នៅក្នុង​តំបន់​។​ ​ក៏ប៉ុន្តែ​ ​កម្ដៅ​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​ជា​យក្ស​សេដ្ឋកិច្ច២​ ​នៅ​ទ្វីបអាស៊ី​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ហាក់​មិនបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​ឡើយ​។​ ​កាលពី​សប្ដាហ៍​មុន​ ​លោក​ត្រាំ​ ​បាន​ទៅកាន់​ប្រទេស​ជប៉ុន​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ ​G​-​20​ ​តែ​គេ​សង្កេតឃើញ​ថា​ ​លោក​ហាក់​មិន​អើពើ​នឹង​ជម្លោះ​រវាង​ទីក្រុង​សេអ៊ូល​ ​និង​តូក្យូ​ ​នោះ​ទេ​។​

​អ្នកវិភាគ​នយោបាយ​នៅ​អាមេរិក​ ​បាន​លើកឡើង​ថា​ ​នេះ​ជា​ការ​ឈានជើង​ចូលក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ថ្មី​ដ៏​គ្រោះថ្នាក់​មួយ​ ​ខណៈ​អាមេរិក​ ​បាន​បោះបង់​តួនាទី​របស់​ខ្លួន​ ​ក្នុងនាម​ជា​អ្នក​ដោះស្រាយ​ទំនាស់​រវាង​កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​ ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អាមេរិក​។​ ​មន្ត្រី​ក្រសួង​ការ​របរ​ទេស​អាមេរិក​ ​បាន​ថ្លែង​ថា​ ​វា​ជា​រឿង​សំខាន់​ដែល​កូរ៉េ​ខាងត្បូង​ ​ជប៉ុន​ ​និង​ ​អាមេរិក​ ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​ពួកគេ​ ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​នៅក្នុង​តំបន់​។​



​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ ​បាន​មានប្រសាសន៍​ថា​ ​ទីក្រុង​សេអ៊ូល​ ​នឹង​ចាត់វិធានការ​ឆ្លើយតប​ ​ប្រសិនបើ​ជប៉ុន​ ​មិនព្រម​ដក​ទណ្ឌកម្ម​របស់​ខ្លួន​លើ​បញ្ហា​នាំចេញ​វត្ថុធាតុដើម​អេឡិចត្រូនិក​ ​ដែល​ខ្លួន​បាន​ដាក់​មក​លើ​កូរ៉េ​ខាងត្បូង​ ​ទេ​នោះ​។​ ​ជាង​នេះ​ទៅទៀត​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​នឹង​រៀបចំ​ពាក្យបណ្ដឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​WTO​ ​បន្ទាប់ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ខ្លួន​ ​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អាមេរិកឡាទីន​ ​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​មួយ​នេះ​។​

​ការសម្រេច​របស់​ជប៉ុន​ ​គឺ​បន្ទាប់ពី​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ ​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ ​ផ្ដល់​សំណង​ ​ក្នុងទឹក​ប្រាក់​ចន្លោះ​ពី​ ​៨៨០០០ដុល្លារ​ ​ដល់​ ​១៣៤០០០​ ​ដុល្លារ​អាមេរិក​ ​សម្រាប់​អ្នក​ទាមទារ​សំណង​ជនជាតិ​កូរ៉េ​ម្នាក់​។​ ​លោក​ ​មូន​ ​ចេ​អ៊ី​ន​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​បាន​ថ្លែង​ថា​ ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ ​មិន​អាច​បញ្ឈប់​ជនជាតិ​កូរ៉េ​ ​ពី​ការ​ដាក់ពាក្យ​បណ្ដឹងទាមទារ​សំណង​ពី​ក្រុមហ៊ុន​ជប៉ុន​បាន​នោះ​ទេ​ ​ហើយ​ក្រុមហ៊ុន​ទាំងនោះ​ ​ត្រូវ​គោរព​សេចក្ដីសម្រេច​របស់​តុលាការ​។​



​ពាក្យបណ្ដឹង​ ​អាច​នឹង​កើនឡើង​បន្ត​ទៀត​ ​ស្រប​ពេល​ដែល​ជនជាតិ​កូរ៉េ​រាប់​ម៉ឺន​នាក់​ ​ត្រូវ​បាន​បង្ខិតបង្ខំ​កម្លាំង​ពលកម្ម​កាលពី​សម័យ​អាណានិគម​។​ ​ក្នុង​នោះ​ ​ក្រុមហ៊ុន​ជប៉ុន​ជាង​ ​៧០​ ​បាន​ជាប់ពាក់ព័ន្ធ​។​

​មតិ​មួយ​បាន​លើកឡើង​ថា​ ​ទណ្ឌកម្ម​របស់​ជប៉ុន​ ​លើ​កូរ៉េ​ខាងត្បូង​ ​នឹងអាច​បង្ក​ផល​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប​ ​នៅ​ជុំវិញ​ពិភពលោក​ ​និង​បង្អាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង​ ​រួមមាន​ ​Samsung​ ​និង​ ​SK​ ​Hynix​ ​ជាដើម​។​ ​ជាក់ស្ដែង​ ​ភាគហ៊ុន​ក្រុមហ៊ុន​ទាំងនេះ​ ​បាន​ធ្លាក់ចុះ​ ​កាលពី​ថ្ងៃទី២​ ​ខែកក្កដា​ ​ក្រោយ​សេចក្ដីសម្រេច​របស់​ជប៉ុន​។​

​រដ្ឋមន្ត្រី​រញ្ញ​វត្ថុ​កូរ៉េ​ខាងត្បូង​ ​អះអាង​ថា​ ​ក្រុមហ៊ុន​កូរ៉េ​នឹងអាច​ផលិត​បាន​ដោយខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ពឹងពាក់​លើ​ជប៉ុន​។​ ​ដោយឡែក​ ​អតីត​ឯកអគ្គ​រាជទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​ប្រទេស​ជប៉ុន​ ​ចន្លោះ​ពីឆ្នាំ២០១១​ ​ដល់​ ​២០១៣​ ​បាន​ទទូច​ឱ្យ​ភាគី​ទាំងសងខាង​ ​គិត​ពី​ផល​ប្រយោជន៍​រៀង​ៗ​ខ្លួន​ ​មុននឹង​បង្ក​ឱ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​៕​

 

 

ប្រភព៖ Bloomberg

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង