ឥណ្ឌូណេស៊ី​ ​បាញ់​ពន្លិច​ទូក​នេសាទ​វៀតណាម​ ​និង​ចិន​ខុសច្បាប់​ជាង​ ​៤០០គ្រឿង​

ឥណ្ឌូណេស៊ី​៖​ ​រដ្ឋមន្ត្រី​នេសាទ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ​លោកស្រី​ ​Susi​ ​Pudijiastuti​ ​បាន​អះអាង​នៅក្នុង​សប្ដាហ៍​នេះ​ ​ថា​ ​ក្នុងរយៈពេល​ ​៤ឆ្នាំ​ចុងក្រោយ​នេះ​ ​អាជ្ញាធរ​ការពារ​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​ ​បាន​បាញ់​ពន្លិច​ទូក​នេសាទ​ខុសច្បាប់​ជាង​ ​៤០០គ្រឿង​ ​ដែល​ភាគច្រើន​មាន​ប្រភព​ពី​ប្រទេស​វៀតណាម​ ​និង​ចិន​។​



​ការ​អះអាង​របស់​លោកស្រី​រដ្ឋមន្ត្រី​ ​បាន​ធ្វើឡើង​ ​ស្រប​ពេល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​គ្រោង​បាញ់​ពន្លិច​ទូក​នេសាទ​ខុសច្បាប់​ចំនួន​ ​៣០គ្រឿង​បន្ថែម​ទៀត​ ​ដែល​កំពុង​ស្ថិត​ក្នុង​ដែនទឹក​របស់​ខ្លួន​។​ ​លោកស្រី​បញ្ជាក់​ថា​ ​អាជ្ញាធរ​ ​បាន​កំណត់​គោលដៅ​របស់​ទូក​នេសាទ​ទាំងនោះ​បាន​ហើយ​ ​ដោយមាន​នៅ​ដែនទឹក​ជិត​ ​ទីក្រុង​ចំនួន​ ​៤​ ​របស់​ឥណ្ឌូណេស៊ី​។​



​ក្រសួង​កិច្ចការ​ដែនទឹក​សមុទ្រ​ ​និង​នេសាទ​ឥណ្ឌូណេស៊ី​ ​បានឱ្យ​ដឹង​ថា​ ​សកម្មភាព​នេះ​ ​បាន​ទទួលជោគជ័យ​ ​និង​បាន​កាត់បន្ថយ​ចំនួន​ទូក​នេសាទ​ខុសច្បាប់​នៅ​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​ ​ជាង​ ​១ម៉ឺន​ទូក​ ​ក្នុងរយៈពេល​ ​៤ឆ្នាំ​។​



​លោក​ ​Mas​ ​Achmad​ ​Santosa​ ​ប្រធាន​កងកម្លាំង​ការពារ​ការ​នេសាទ​ខុសច្បាប់​ ​នៃ​ក្រសួង​កិច្ចការ​ដែនទឹក​សមុទ្រ​ ​និង​នេសាទ​ឥណ្ឌូណេស៊ី​ ​បាន​បញ្ជាក់​ថា​ ​កិច្ចចរចា​រវាង​មន្ត្រី​ការទូត​នៃ​ប្រទេស​ដែល​ពាក់ព័ន្ធ​ ​បាន​ធ្វើឡើង​រួចរាល់​ហើយ​ ​តែ​មិន​មាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ឡើយ​៕​

ប្រភព៖ Jakarta Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង