ហ្វីលីពីន​ ​បារម្ភ​ខ្លាំង​ ​ក្រោយ​ប្រជាជន​ធ្វើការ​ក្រៅប្រទេស​ ​តេ​ស្ត​ឃើញ​ផ្ទុកមេរោគ​អេដស៍​កើនឡើង​

ហ្វីលីពីន៖ មន្ត្រី​ជាន់​ខ្ពស់​ហ្វីលីពីន​ថ្មី​ៗ​នេះ​ បាន​បង្ហាញ​ថា អត្រា​បុគ្គលិក​​ជន​​​ជាតិ​ហ្វីលីពីន​ធ្វើ​​​​ការ​ក្រៅ​ប្រទេស ​ធ្វើ​តេស្ត​ឃើញ​ផ្ទុក​មេរោគ​អេដស៍​ មាន​ដល់​១០​%​​ហើយ នៃ​ចំនួន​សរុប​​អ្នក​ផ្ទុក​មេរោគ​នេះ ​នៅ​​ទូ​ទាំង​​ប្រទេស​ហ្វីលីពីន ។​​

www.hellokrupet.com បានសរសេរដោយយោងតាម​សារព័ត៌មាន​ Rappler ថា ​តំណាង​រាស្រ្ត​ហ្វីលីពីន​ លោក Aniceto Bertiz III បាន​បញ្ជាក់​​កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍មុន ​ថា បុគ្គលិក​ធ្វើ​ការ​​ក្រៅ​ប្រទេស​ចំនួន ​៩១ ​នាក់ បាន​ធ្វើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​មេរោគ​អេដស៍ ។ ចំនួន​នេះ ​បាន​បន្ថែម​នូវ​ចំនួន​អ្នក​ធ្វើ​ការ​ក្រៅ​ប្រទេស​​មាន​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​​ ៦.៥២៤ ​​នាក់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៤​មក ។

ជា​មួយ​នឹង​បញ្ហា​នេះ មន្ត្រី​​ខាង​លើ ​ក៏​បាន​លើក​មតិ​ឱ្យ​មាន​​ការ​អនុវត្ត​យ៉ាង​​​តឹង​រឹង​ចំពោះ​ការ​រាល​ដាល​នៃ​ជំងឺ​​អេដស៍ ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​បង្ការ និង​គ្រប់​គ្រង​​ជំងឺ​អេដស៍​ ដែល​ទើប​​​ចូល​ជា​ធរមាន​ នា​ដើម​ឆ្នាំ​​២០១៩​ នេះ​។ នៅ​ក្នុង​វិធានការ​នៃ​ច្បាប់​ខាង​លើ ដែល​​បាន​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ការ​ជន​ជាតិ​ហ្វីលីពីន​ទាំង​អស់ មុន​នឹង​ចេញ​​ធ្វើ​ការ​ក្រៅ​ប្រទេស​​ មិន​ថា បុគ្គលិក ឬ​មន្ត្រី​រដ្ឋាភិបាល ត្រូវ​ឆ្លង​កាត់​​សិក្ខា​សាលា​អប់​រំ​ស្តី​ពី​ការ​បង្ការ និង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​អេដស៍​ជា​មុន​សិន ​។

ផ្អែក​តាម​ទិន្នន័យ​នៃ​វិទ្យាស្ថាន​ជាតិ​ជំងឺ​អេដស៍​ប្រទេស​ហ្វីលីពីន បាន​​បង្ហាញ​ថា ៨៦​% ​នៃ​​ជន​ជាតិ​ហ្វីលីពីន​ ធ្វើ​ការ​ក្រៅ​ប្រទេស​ត្រឹម​រយៈ​ពេល​ ៥ ​ឆ្នាំ ក្នុង​នោះ​គឺ​បុរស​​មាន​អាយុ​​ខ្ទង់ ​៣២​ ឆ្នាំ​ ហើយ​ ៧២​%​ នៃ​​ពួក​គេ​ បាន​ឆ្លង​មេរោគ​​អេដស៍​តាម​ការ​រួម​ភេទ ​។

យោង​តាមរបាយការណ៍​​​អង្គការ​សហប្រជាជាតិ​លើ​កម្មវិធី​គ្រប់​គ្រង​ជំងឺ​អេដស៍​ (UNAIDS) ឆ្នាំ​២០១៧ ហ្វីលីពីន ​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​រាល​ដាល​ជំងឺ​អេដស៍​​លឿន​​ជាង​គេនៅ​តំបន់​អាស៊ី​ ហើយ​​ករណី​ចម្លង​ជំងឺ​អេដស៍​​ដោយ​ការ​រួម​ភេទ​​នៅ​តែ​ខ្ពស់​ជាង​គេ​​ទូទាំង​ប្រទេស​នេះ។ ការ​ព្យាករ​​ត្រឹម​ចុង​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន​ នឹង​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ប្រមាណ​ ៩៣.៤០០​នាក់​៕

You can share this !

Loading...
អត្ថបទទាក់ទង