ហុងកុង​កាន់តែ​វឹកវរ​ ​ក្រោយ​ប៉ូលិស​បាញ់​គ្រាប់​ជ័រ​ ​និង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ដាក់​បាតុករ​

ហុងកុង​៖​ ​ការ​តវ៉ា​រាប់ពាន់​រាប់​ម៉ឺន​នាក់​ ​នៅ​ទីក្រុង​ហុងកុង​ ​បាន​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ ​នៅ​ថ្ងៃពុធ​ ​ទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​ហុងកុង​ ​បាន​ប្រើ​កាំភ្លើង​បាញ់​គ្រាប់​ជ័រ​ ​និង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ ​ទៅលើ​ក្រុម​បាតុករ​ ​ដែល​បាន​គប់​ដប​ទឹក​ ​ដាក់​ពួកគេ​ ​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋបាល​ហុងកុង​ ​ដែល​គ្រោង​ចេញច្បាប់​បត្យាប័ន​ថ្មី​។​

​ចាប់ពី​ចុង​សប្ដាហ៍​កន្លងទៅ​ ​មកទល់​ថ្ងៃនេះ​ ​មនុស្សជា​ច្រើន​ ​នៅតែ​ប្រមូលផ្ដុំ​ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សេចក្ដីព្រាង​ច្បាប់​ ​ដែល​បើកផ្លូវ​ឱ្យ​តុលាការ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​នាំ​ខ្លួន​ជនសង្ស័យ​ពីទី​ក្រុង​ហុងកុង​ ​ទៅកាន់​ទោស​នៅ​ចិនដីគោក​។​ ​បើ​តាម​ប៉ូលិស​ ​ក្រុម​អ្នក​តវ៉ា​ខ្លះ​ ​បាន​បង្ក​ភាព​វឹកវរ​ ​ហើយ​បាន​ប្រើ​ឆត្រ​ ​ដើម្បី​រុលទៅមុខ​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ឆ្លើយតប​ ​ដោយ​ប្រើប្រាស់​កម្លាំង​។​ ​ក្នុង​ការ​ប៉ះទង្គិច​នេះ​ ​គេ​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​ ​បាន​ទៅដល់​ទីតាំង​កើតហេតុ​ផង​ដែរ​។​ ​មិន​មានការ​បញ្ជាក់​ពី​ចំនួន​អ្នក​រង​របួស​ ​ឬ​ ​ការ​ចាប់ខ្លួន​ឡើយ​។​

​ភាព​តានតឹង​នេះ​ ​បាន​បណ្ដាល​ឱ្យ​សភា​ហុងកុង​ ​បាន​ផ្អាក​លើ​ការសម្រេច​ច្បាប់​ខាងលើ​ជា​បណ្ដោះអាសន្ន​ ​ដោយ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ ​នៃ​ការ​បើក​កិច្ចប្រជុំ​ដើម្បី​សម្រេច​លើច្បាប់​នេះ​ឡើយ​។​

​សូម​រំឭក​ថា​ ​លោកស្រី​ ​Carrie​ ​Lam​ ​មេដឹកនាំ​ហុងកុង​ ​ដែល​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​បាន​អះអាង​ថា​ ​លោកស្រី​ ​មិន​ទម្លាក់​ចោល​សេចក្ដីព្រាង​ច្បាប់​នោះ​ទេ​។​ ​លោកស្រី​ប្រកាន់​ជំហរ​របស់​ខ្លួន​ ​ដោយ​លើក​ហេតុផល​ថា​ ​នេះ​ជា​រឿង​ដ៏​សំខាន់​ ​ដើម្បី​នាំ​ខ្លួន​ជនល្មើស​មក​ដាក់ទោស​តាមច្បាប់​ ​និង​កាត់បន្ថយ​បទឧក្រិដ្ឋ​ឆ្លងដែន​៕​

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង