សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​នេប៉ាល់​ ​ចុះហត្ថលេខា​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​

​ភ្នំពេញ​ ​៖​ ​នរ​សៀល​ថ្ងៃម្សិលមិញ​នេះ​ ​នា​វិមាន​សន្តិភាព​ ​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​តំណាង​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​លោក​ ​Rajesh​ ​Kazi​ ​SHRESTHA​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​នេប៉ាល់​ ​បាន​ចុះហត្ថលេខា​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​ខេ​ភី​ ​សា​ម៉ា​ ​អូ​លី​ ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ ​។​


​យោង​តាម​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​អនុស្សារ​ណៈ​យោគយល់​គ្នា​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​សំ​ខាន់​ៗ​ ​ដូចជា​៖​
​១​.​ ​ផ្លាស់ប្ដូរ​ព័ត៌មាន​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ទីផ្សារ​ ​និង​សេដ្ឋកិច្ច​ដែល​មានស្រាប់​ ​ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​រវាង​សមាជិកសភា​ពាណិជ្ជកម្ម​កម្ពុជា​-​នេប៉ាល់​
​២​.​ ​ផ្ដល់​ការ​គាំទ្រ​ទៅវិញទៅមក​ដល់​ការ​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​របស់​គណៈប្រតិភូ​នៃ​សភា​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​
​៣​.​ ​ផ្លាស់ប្ដូរ​ព័ត៌មាន​/​ការ​បោះពុម្ព​ផ្សាយ​អំពី​ច្បាប់​ ​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​បរទេស​ ​និង​ការ​បោះពុម្ព​ផ្សាយ​ផ្សេងទៀត​របស់​សភា​ពាណិជ្ជកម្ម​ទាំងពីរ​
​៤​.​ ​ចូលរួម​ក្នុង​ពិព័រណ៍​សិក្ខាសាលា​ ​សន្និសីទ​ ​និង​ព្រឹត្តិ​ការណ៍​នានា​ ​ដែល​មាន​ក្នុង​ប្រទេស​ទាំងពីរ​ ​ក្នុង​គោលបំណង​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សមាជិកសភា​ពាណិជ្ជកម្ម​ទាំងពីរ​
​៥​.​ ​គាំទ្រ​ដល់​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដោយសន្តិវិធី​ដែល​កើតមាន​ក្នុង​ប្រតិបត្តិ​ការ​ធុរកិច្ច​រវាង​សមាជិកសភា​ពាណិជ្ជកម្ម​ទាំងពីរ​ ​និង​
​៦​.​ ​ផ្លាស់ប្ដូរ​គំនិត​យោបល់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ ​។​
​សូម​បញ្ជាក់​ថា​ ​ការ​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​នេះ​ ​គឺ​ស្រប​ពេល​ដែល​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​ក្នុង​ជំនួប​ផ្លូវការ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​និង​លោក​ ​ខេ​ ​ភី​ ​សា​ម៉ា​ ​អូ​លី​ ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​នេប៉ាល់​ ​បាន​ប្តេជ្ញា​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ ​៕​

You can share this !

អត្ថបទទាក់ទង