រដ្ឋមន្ត្រី​វប្បធម៌​ ​មាន​មោទនភាព​ចំពោះ​ដំណើរការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​នៅ​កម្ពុជា​ ​ក្នុងរយៈពេល២៥ឆ្នាំ​

សៀមរាប​៖​ ​គណៈកម្មាធិការ​អន្ដរ​ជាតិ​សម្របសម្រួល​កិច្ច​គាំពារ​ ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ ​ឬហៅ​កាត់​ថា​ ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​បាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​ ​និង​ជា​គំរូ​សម្រាប់​ពិភពលោក​រយៈពេល២៥ឆ្នាំ​មក​ហើយ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោកស្រី​ ​ភឿង​ ​សកុណា​ ​ក្រោយពី​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី៣២​ ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ខេត្តសៀមរាប​។​

​ជា​ការ​លើកឡើង​ដោយ​ក្តី​មោទនភាព​ ​រដ្ឋមន្ត្រី​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​បញ្ជាក់​ថា​ ​“​គ្មាន​ជោគជ័យ​ពីក្រៅ​ណាមួយ​កើតឡើង​ ​ដោយ​គ្មាន​ជោគជ័យ​ពី​ផ្ទៃក្នុង​ខ្លួនឯង​នោះ​ឡើយ​”​។​ ​ត្រង់​ចំណុច​នេះ​ ​លោកស្រី​ទំនងជា​ចង់​បញ្ជាក់​ថា​ ​ជា​ឆន្ទៈ​ដ៏​មោះមុត​ ​និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ ​ឱ្យ​បាន​គង់វង្ស​ ​ព្រមទាំង​ការចូលរួម​ដោយ​ផ្ទាល់​របស់​អង្គ​ព្រះមហាក្សត្រ​ ​ដែល​ព្រះអង្គ​គង់​ជា​ព្រះប្រធាន​កិត្តិយស​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​និង​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ព្រមទាំង​បាន​ផ្តល់​នូវ​ការ​ជួយ​ជ្រោមជ្រែង​គ្រប់សព្វ​បែបយ៉ាង​ ​លើ​កិច្ចការ​ថែរក្សា​មរតក​ដូនតា​ដ៏​ឧដុង្គឧត្តម​នេះ​។​

​លោកស្រី​បន្ត​ថា​ ​ជាង​នេះ​ទៀត​ ​កត្តា​សុខ​សន្តិភាព​ពេញលេញ​ក្នុង​ផ្ទៃ​ប្រទេស​ ​នាំមក​នូវ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ពង្រឹង​ខ្លួន​ ​ដើម្បី​ធ្វើការ​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​ផង​ ​និង​ខ្លួនឯង​ផង​។​ ​ការ​គាំទ្រ​ពី​មហាជន​ទូទៅ​ ​ការយល់​ដឹងពី​តម្លៃ​នៃ​បេតិកភណ្ឌ​ជាតិ​ ​ក៏​ជា​ចំណុច​យ៉ាង​សំខាន់​ ​ក្នុង​ការចូលរួម​ចំណែក​នៃ​ជោគជ័យ​នេះ​ដែរ​។​ ​ជាឧទាហរណ៍​ជាក់ស្តែង​ ​ការសម្រេច​ព្រះទ័យ​របស់​ព្រះសង្ឃ​គង់នៅ​វត្ត​លលៃ​ដោយ​ស្ម័គ្រ​ព្រះទ័យ​ធ្វើការ​ផ្លាស់​ប្តូរ​កុដិ​ ​និង​សំណង់​ក្នុង​វត្ត​ ​ពីលើ​ខឿន​ប្រាសាទលលៃ​ ​មក​គង់នៅ​ផ្នែក​ខាងក្រោម​នៃ​បរិវេណ​ប្រាសាទលលៃ​វិញ​។​ ​នេះ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​ប្រាសាទបុរាណ​នានា​។​

​រដ្ឋមន្ត្រី​វប្បធម៌​ ​បន្ថែម​ថា​ ​កត្តា​ជោគជ័យ​ចុងក្រោយ​គឺ​ ​ការពង្រីក​ ​និង​ពង្រឹង​សមត្ថភាព​ចំណេះដឹង​ ​និង​ចំណេះធ្វើ​របស់​អ្នកជំនាញ​ជាតិ​។​ ​បច្ចុប្បន្ន​ ​អ្នកជំនាញ​ខ្មែរ​ ​ពិសេស​អ្នកជំនាញ​វ័យក្មេង​ ​មាន​សមត្ថភាព​ ​ក្នុង​ការ​បំពេញការងារ​បាន​យ៉ាង​ល្អ​ប្រសើរ​ ​និង​ពង្រឹង​សមត្ថភាព​ខ្លួន​បន្ថែម​។​ ​ជាក់ស្តែង​ ​អ្នកជំនាញ​ខ្មែរ​ ​កំពុងតែ​បាន​ដឹកនាំ​ ​និង​អនុវត្ត​ដោយ​ផ្ទាល់​ ​នូវ​គម្រោង​ជួសជុល​យ៉ាងច្រើន​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​សូម​បញ្ជាក់​ថា​ ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​រយៈពេល២៥ឆ្នាំ​មកនេះ​ ​ដែល​មានការ​ចូលរួម​ពី​អង្គការ​យូ​ណេស្កូ​ ​ប្រទេស​បារាំង​ ​និង​ប្រទេស​ជប៉ុន​ក្នុងនាម​ជា​សហប្រធាន​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ជាច្រើន​ទៀត​នោះ​ ​ជា​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៃ​យន្តការ​អន្តរជាតិ​។​ ​ដំណើរ​ជោគជ័យ​នៅ​កម្ពុជា​នេះ​ ​ជា​គំរូ​សម្រាប់​ពិភពលោក​ ​នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី​ ​ភឿង​ ​សកុណា​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង