រកឃើញនិស្សិត៣ក្រុម ទទួលជ័យលាភីពានរង្វាន់ត្នោតមាស ឆ្នាំ២០១៩

ភ្នំពេញ ៖ មូលនិធិគីណាល់ បានរកឃើញនិស្សិតជ័យលាភីចំនួនបីក្រុម ជាម្ចាស់ស្នាដៃអត្ថបទស្រាវជ្រាវផ្នែកកសិ-ចំណីអាហារ សម្រាប់ពានរង្វាន់ត្នោតមាស “Thnot d’Or » លើកទី២ ឆ្នាំ២១០៩ ។

ពិធីប្រគល់ពានរង្វាន់ត្នោតមាស (Thnot d’Or) លើកទី២ ឆ្នាំ ២០១៩  បានប្រារព្ធធ្វើឡើងនៅបរិវេណស្នាក់ការរបស់មូលនិធិគីណាល់ (សហគ្រាសផលិតឱសថ ប៉េប៉េអឹម) ក្បែររង្វង់មូលចោមចៅ រាជធានីភ្នំពេញ ក្រោមវត្តមានលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ចំណាត់ថ្នាក់លេខ១ បានទៅអត្ថបទ «ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់» របស់ក្រុមនិស្សិតមកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លេខ២ បានទៅអត្ថបទ «ការផលិតប្រហិតបន្លែ» របស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលេខ៣ អត្ថបទ «អត្ថប្រយោជន៍ ដែលបានមកពីការកែច្នៃសាច់ដូង» របស់និស្សិតនៃសាលាជាតិកសិកម្មខេត្តកំពង់ចាម ។

ពានរង្វាន់ត្នោតមាស (Thnot d’Or) ត្រូវបានបង្កើតឡើងលើកដំបូងនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៨ ដោយមូលនិធិគីណាល់ ដើម្បីលើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវក្នុងវិស័យកសិ-អាហារ និងបង្កើតគំនិតច្នៃប្រឌិតដល់និស្សិតក្នុងការចូលរួមកែច្នៃកសិផលរបស់កសិករ និងរួមគ្នាគាំទ្រដល់ការអភិវឌ្ឍន៍ជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់ការរៀបចំឱ្យមានការប្រកួតនៅឆ្នាំទី២នេះ មាននិស្សិតដាក់ពាក្យចូលរួមប្រកួតច្រើនជាងឆ្នាំមុន ។ នាឆ្នាំ២០១៩ នេះ មាននិស្សិតចំនួន ២៧ ក្រុម បានចុះឈ្មោះចូលរួមការប្រកួត ដែលក្នុងនោះមាន ៨ ក្រុមមកពីវិទ្យាស្ថានបច្ចេកទេសកម្ពុជា, ១៣ ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ១ក្រុមមកពីសាលាកសិកម្មព្រែកលៀប, ២ ក្រុមមកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ និង៣ក្រុម ទៀតមកពីសាលាជាតិកសិកម្មខេត្តកំពង់ចាម ។

គណៈមេប្រយោគនៅឆ្នាំ២០១៩នេះ ដឹកនាំដោយលោក សុខ សារ៉ង (មកពីស្ថាប័នចេញវិញ្ញាបនបត្រអន្តរជាតិ Ecocert), សមាជិកគណៈមេប្រយោគមានដូចជាអ្នកស្រី អេឡែន អូប្រ៊ី លោក រ័ត្ន សារ៉ា (មកពីក្រសួងអប់រំយុវជន និងកីឡា)  លោក ម៉ាក់ សឿន (មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) និងលោក ហ្វីលីព ម៉ូណាំង (មកពីក្រុមហ៊ុន SIAT)។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ បានពន្យល់ថា៖ «មូលនិធិគីណាល់បានបង្កើតពានរង្វាន់គីណាល់រួចហើយតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដើម្បីចូលរួមលើកស្ទួយដល់ការសិក្សាស្រាវជ្រាវ និងគំនិតច្នៃប្រឌិតនៅក្នុងវិស័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត ។ ខ្ញុំចង់ឱ្យមូលនិធិនេះ មានតួនាទីដូចគ្នានៅក្នុងវិស័យកសិកម្ម ពីព្រោះខ្ញុំជឿជាក់ថា ការអភិវឌ្ឍនៅទីជនបទនៅកម្ពុជា ធ្វើឱ្យយើងបង្កើតបាន នូវតម្លៃបន្ថែមលើគ្រប់ផលិតផលទាំងអស់»

សម្រាប់ក្រុមនិស្សិតជ័យលាភី ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានពានចំនួន១ និងទឹកប្រាក់ចំនួន ៤,០០០,០០០ រៀល,  លេខ២ ទទួលបានពានចំនួន១ និងទឹកប្រាក់ចំនួន ២,០០០,០០០  រៀល និងលេខ៣ ទទួលបានពានចំនួន១ និងទឹកប្រាក់ចំនួន ១,០០០,០០០ រៀល ។ ចំណែកនិស្សិតបីក្រុមផ្សេងទៀតដែលពុំបានជាប់ពានរង្វាន់ ទទួលបានប្រាក់លើកទឹកចិត្តក្នុងមួយក្រុមៗ ចំនួន ៤០០ ០០០ រៀលផងដែរ ។

សូមបញ្ជាក់ថា ពានរង្វាន់ត្នោតមាស (Thnot d’Or)  ត្រូវបានផ្តួចផ្តើមឡើងដោយស្ថាបនិកក្រុមហ៊ុនខនហ្វីរេល លោកឱសថបណ្ឌិត ហៃ លីអ៊ាង និងរៀបចំដោយមូលនិធិគីណាល់ សហការឧបត្ថមដោយទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (AFD) និងមានការគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងអប់រំយុវជននិងកីឡា៕

អត្ថបទ៖សិរីវឌ្ឍ

 

 

 

You can share this !

Loading...
អត្ថបទទាក់ទង