មន្រ្តី​អាជ្ញាធរ​គ្រឿងញៀន​ ​អំពាវនាវ​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​ត្រួតពិនិត្យ​ការនាំចូល​សារធាតុគីមី​ផ្សំ​ ​

ភ្នំពេញ​ ​៖​ ​មន្រ្តី​ជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជាពិសេស​អង្គភាព​គយ​ ​និង​រដ្ឋាករ​ ​ត្រួតពិនិត្យ​ ​និង​រឹត​បន្តឹង​ការនាំចូល​សារធាតុគីមី​ផ្សំ​ ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នានា​ ​។​ ​
​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​កាលពី​ពេល​ថ្មី​ៗ​ ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ត្រួតពិនិត្យ​សារធាតុគីមី​ផ្សំ​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន​កម្ពុជា​ ​និង​ក្រោយពេល​ដែល​សមត្ថកិច្ច​កម្ពុជា​ ​បាន​រក​ឃើញ​ ​និង​បង្រ្កាប​នូវ​ទីតាំង​កែច្នៃ​គ្រឿងញៀន​ដ៏​ធំ​មួយ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។

​ ​
​លោក​ឧត្ដមសេនីយ៍ឯក​ ​ឡាយ​ ​គឹ​មលី​ ​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ថ្លែង​ថា​ ​ប្រទេស​កម្ពុជា​ ​មិនមែន​ជា​ប្រទេស​ផលិត​គ្រឿងញៀន​នោះ​ទេ​ ​តែ​ជា​ប្រទេស​ដែល​ទទួលរង​គ្រោះ​ពី​ឥទ្ធិពល​នៃ​ការ​លួចលាក់​ចរាចរ​ឆ្លងកាត់​ ​និង​កែច្នៃ​គ្រឿងញៀន​ខុសច្បាប់​របស់​ពួក​ឧក្រិដ្ឋជន​ ​។​
​លោក​ឧត្តមសេនីយ៍ឯក​ ​ឡាយ​ ​គឹ​មលី​ ​ក៏បាន​ស្នើសុំ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជាពិសេស​ស្ថាប័ន​ ​ដែល​មាន​តួនាទី​ភារកិច្ច​ក្នុង​ការគ្រប់គ្រង​ ​ត្រួតពិនិត្យ​ ​និង​ចេញ​អាជ្ញាប័ណ្ណ​នាំចេញ​-​នាំចូល​នូវ​សារធាតុគីមី​ ​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​រាល់​ការ​ស្នើសុំ​ ​ការប្រើ​ប្រាស់​ ​និង​ការ​រក្សាទុក​នូវ​សារធាតុគីមី​ផ្សំ​របស់​ក្រុមហ៊ុន​ ​និង​សហគ្រាស​ឯកជន​ទាំងអស់​ ​។​ ​លោក​ថា​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​គួរតែ​ត្រួតពិនិត្យ​ ​និង​ធ្វើ​អធិការកិច្ច​លើ​បរិមាណ​ប្រើប្រាស់​ ​និង​គោលដៅ​នៃ​ការប្រើ​ប្រាស់​ ​ស្របតាម​គោលការណ៍​ណែនាំ​ ​និង​ការ​ស្នើសុំ​ ​។​ ​


​ជាមួយគ្នា​នេះ​ ​លោក​ ​ឡាយ​ ​គឹ​មលី​ ​ក៏បាន​ស្នើសុំ​ឱ្យ​ស្ថាប័ន​គយ​ ​ដែល​មានសមត្ថកិច្ច​ត្រួតពិនិត្យ​មុនគេ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ ​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​ ​សហគ្រាស​ ​ដែល​ចេញ​ដោយ​ក្រសួង​ពាក់ព័ន្ធ​ ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ ​ពិតប្រាកដ​ស្របច្បាប់​ ​ទើប​អនុញ្ញាត​ឱ្យ​នាំចូល​នូវ​សារធាតុគីមី​ទាំងអស់​នោះ​ ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​។​


​សូម​រម្លឹក​ថា​ ​កាលពី​ថ្ងៃទី២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​ ​៩គ្រឿង​ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ​រក​ឃើញ​ក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​មួយ​ ​នៅ​ចំណុច​ផ្ទះលេខ​ ​២៨៥AE0​ ​ផ្លូវ៣៧១​ ​ក្រុម​ទី៦​ ​ភូមិ​អូរ​បែក​ក្អម​ ​សង្កាត់​អូរ​បែក​ក្អម​ ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ ​អ៊ុយ​ ​រ៉ា​ស៊ី​ ​ភេទប្រុស​ ​(​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​)​ ​។​ ​
​ជា​លទ្ធផល​ ​ក្រុមការងារ​ ​បាន​រក​ឃើញ​ ​វត្ថុ​តាម​មួយចំនួន​ ​រួមមាន​ ​៖​ ​មេ​តំ​ហ្វេ​តា​មីន១៨kg​ ​,​ ​កេតា​មីន៦០kg​ ​,​ ​សារធាតុ​មិន​ច្បាស់លាស់៥០,២kg​ ​,​ ​ម្សៅ​រូប​ពោត​មាន​ច្បាស់លាស់​ ​៨០កេះ​,​ ​ម្ស៉ៅ​មិន​ច្បាស់លាស់​ ​៤៥kg​,​ ​ម៉ាស៊ីន​លាយថ្នាំ៩គ្រឿង​,​ ​ជញ្ជីង​ថ្លឹង​ ​០២គ្រឿង​,​ ​ពុម្ភ​គ្រាប់​ថ្នាំ​ ​១៨០ដើម​ ​និង​សម្ភារ​មួយចំនួន​ ​៕​

You can share this !

អត្ថបទទាក់ទង