ពិបាកសម្រេចចិត្តរើសជំនាញរៀនមែនទេ! តោះមកស្តាប់ការលើកឡើងរបស់អ្នកជំនាញ ផ្នែកការងារ អំពីជំនាញសំខាន់ចំនួន៣ ដែលគួរជ្រើសរើស

ភ្នំពេញ ៖ អ្នកជំនាញផ្នែកការងារ បានលើកឡើងថា ការជ្រើសរើសជំនាញក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា គឺជារឿងសំខាន់ ដែលត្រូវគិតគូរអោយបានច្បាស់លាស់ ដោយផ្អែក លើគោលនយោបាយ និង ការវិវត្តន៍នៃសេដ្ឋកិច្ច ។

លោកបណ្ឌិត គា បូរ៉ា សមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត បានអោយ ដឹងថា នៅក្នុងប្រទេសជឿនលឿន ជំនាញ២ ដែលសំខាន់ គឺ ជំនាញផ្នែកពាណិជ្ជកម្ម និង បច្ចេកវិទ្យាព័ត៌មាន (IT) ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា បើពិនិត្យមើលទៅលើសក្តានុពល និង ទីតាំងភូមិសាស្រ្ត វិស័យកសិកម្ម គឺក៏ជាផ្នែកមួយសំខាន់ ខណៈដែលនិស្សិតជាច្រើន បានមើលរំលង និង មិនសូវមានអ្នកចាប់អារម្មណ៍ ក្នុងការចូលរៀននោះទេ ។

បើតាមបទពិសោធន៍ក្នុងការងារ លោកបណ្ឌិត គា បូរ៉ា ក៏បានផ្តល់គំនិតអោយនិស្សិត ត្រូវពិនិត្យមើលថា តើការវិវត្តន៍សេដ្ឋកិច្ចរបស់កម្ពុជា នៅពេលដែលនិស្សិតរៀនចប់ នឹងវិវត្តន៍ដល់ណា ។ ដូចនេះ ការជ្រើសរើសជំនាញសិក្សា ក៏ត្រូវមើលលើកត្តានយោបាយ និង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
ក្រៅពីនេះ សម្រាប់ការជ្រើសរើសជំនាញក្នុងការសិក្សានេះដែរ លោកបណ្ឌិត គា បូរ៉ា ក៏បានលើកទឹកចិត្តដល់និស្សិត គួររើសយកជំនាញណាដែលខ្លួនស្រលាញ់ ហើយមាន សមត្ថភាពក្នុងការសិក្សា ព្រោះនិស្សិតខ្លះ មិនមានសមត្ថភាពក្នុងការសិក្សាជំនាញដែល ខ្លួនឯងស្រលាញ់នោះទេ ហើយធ្វើអោយខាតពេលវេលា ។

ទន្ទឹមគ្នានេះដែរ លោកបណ្ឌិត ក៏បានជំរុញអោយនិស្សិត គួរសិក្សាភាសាបរទេសអោយបានច្រើន តាមដែលអាចធ្វើទៅ បាន ក្នុងនោះ រួមមានទាំងភាសាចិន ដោយសារតែចិន បានក្លាយជាប្រទេសសេដ្ឋកិច្ចនាំ មុខគេ នៅក្នុងពិភពលោក ហើយចិន ក៏បានកំពុងបោះទុនវិនិយោគយ៉ាច្រើន នៅកម្ពុជា ផងដែរ ។ បើយោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ បង្ហាញថា បេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនួន ៧៥០៥៩នាក់។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសឲ្យដឹងថា បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ឬ ហៅថា បាក់ឌុបនៅឆ្នាំ២០១៨នេះ ចំនួនអ្នកជាប់ ស្មើនឹង ៦៦,២១% ច្រើនជាងឆ្នាំ២០១៧ ដែលមានតែ ៦៣,៨៤%។ បច្ចុប្បន្ន សិស្សដែលប្រលងជាប់ទាំងនោះ បានកំពុង ពិចារណា ក្នុងការជ្រើសរើសជំនាញសម្រាប់សិក្សានៅថ្នាក់ឧត្តមសិក្សា ៕

You can share this !

អត្ថបទទាក់ទង