ប្រជាពលរដ្ឋ​ ​រង​ផល​ប៉ះពាល់​លើ​អតីត​ផ្លូវ​រថភ្លើង​នៅ​ខណ្ឌឫស្សីកែវ​ ​ទទួល​បាន​ដី​ប្រទានកម្ម​របស់​ ​សម្តេច​ហ៊ុន​ ​សែន​

រាជធានី​ភ្នំពេញ​៖​ ​សាលា​ខណ្ឌឫស្សីកែវ​ ​បាន​សរសេរ​ផ្សព្វ​ផ្សាយ​ព័ត៏​មាន​ ​លើ​បណ្តាញ​សង្គម​ ​ដោយ​បាន​បញ្ជាក់​ពី​ ​ដោះស្រាយ​ជាគោល​នយោបាយ​ដីធ្លី​ ​នៅ​លើ​ដី​ចំណី​ព្រែក​អូរ​វែង​ ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​រដ្ឋបាល​ខណ្ឌឫស្សីកែវ​ ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ដែល​មាន​លំនៅឋាន​ជាប់​សងខាង​ព្រែក​អូរ​វែង​ផ្នែក​ខាងក្រោយ​វត្ត​ទួល​សន្តិ​វន្ត​ ​ហៅ​វត្ត​ទួល​អស់លោក​ ​ដែល​ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ​និង​សង្កាត់​ឫស្សីកែវ​ ​ខណ្ឌឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​ ​ថា​ ​ដោយ​អនុវត្ត​តាម​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង​ថ្មី​ ​លើ​អតីត​ផ្លូវ​រថភ្លើង​ ​និង​ការ​កែ​លម្អ​ព្រែក​អូរ​វែង​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ ​៣២០​ ​ខ្នង​ផ្ទះ​ ​(​អស់​ផ្ទះ​ ​អស់​ដី​)​ ​ប្រជាពលរដ្ឋ​ ​ត្រូវ​មក​ដោះស្រាយ​ជាគោល​នយោបាយ​ដីធ្លី​ ​នៅ​លើ​ដី​ចំណី​ព្រែក​អូរ​វែង​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ​នៅ​ថ្ងៃទី០៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​រដ្ឋបាល​ខ​ណ្ឌប្ញស្សី​កែវ​ ​ដឹកនាំ​ដោយ​លោក​ ​ជា​ ​ពិសី​ ​អភិបាលខណ្ឌ​ ​និង​មន្ត្រី​ក្រោម​ឱវាទ​ ​ព្រមទាំង​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បាន​ចុះ​លើកស្លា​ក​ប៉ាណូ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ស្ដីពី​ ​គម្រោង​អភិវឌ្ឍន៍​កែ​លម្អ​ព្រែក​អូរ​វែង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ហើយ​នៅ​ថ្ងៃទី០៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​រដ្ឋបាល​ខ​ណ្ឌប្ញស្សី​កែវ​ ​បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បើក​វេទិកាសាធារណៈ​ដើម្បី​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ ​រង​ផល​ប៉ះពាល់​លើ​អតីត​ផ្លូវ​រថភ្លើង​ចំនួន​ ​៣២០ខ្នង​ផ្ទះ​ ​នៅ​សាលា​ខណ្ឌឫស្សីកែវ​ ​ដើម្បី​ពន្យល់​អំពី​ ​គម្រោង​អភិវឌ្ឍន៍​កែ​លម្អ​ព្រែក​អូរ​វែង​។​ ​ដោយ​យោង​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋ​ភិបាល​ ​បាន​កំណត់​ព្រែក​ទំហំ​សរុប​ ​៨០​ ​ម៉ែត្រ​ ​ដោយឡែក​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​រក្សាទុក​ផ្ទៃ​ព្រែក​ ​៣០​ ​ម៉ែត្រ​ ​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​ ​ធ្វើ​ផ្លូវ​សងខាង​ព្រែក​ ​ប្រវែង​ ​១០ម៉ែត្រ​ ​និង​ ​ដី​ចំណី​ព្រែក​ប្រវែង​ ​១៥ម៉ែត្រ​សងខាង​ ​ដោះស្រាយ​ជាគោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ ​ទាំង​ ​៣២០​ ​ខ្នង​ផ្ទះ​ ​ដោយ​ក្នុង​មួយ​ខ្នង​ផ្ទះ​ ​ទទួល​បាន​ដី​ប្រវែង​ ​៤​ ​គុណ​នឹង​ ​១៥​ ​ម៉ែត្រ​ ​ដែល​ជា​ប្រទានកម្ម​របស់​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប៉ុន្តែ​បន្ទាប់ពី​ការ​ផ្សព្វផ្សាយ​នេះ​ ​រដ្ឋបាល​ខណ្ឌ​ ​បាន​សង្កេតឃើញ​ថា​ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ព្រែក​អូរ​វែង​ផ្នែក​ខាងក្រោយ​វត្ត​ទួល​អស់លោក​ ​បាន​ធ្វើការ​បញ្ចេញមតិ​តាម​បណ្តាញ​សារព័ត៌​មាន​ផ្សេង​ៗ​ ​ក៏ដូចជា​បណ្តាញ​សង្គម​ ​FACEBOOK​ ​ដោយធ្វើ​ការ​តវ៉ា​ ​ពុំ​ទាន់​ទទួលយក​តាម​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅឡើយ​។​ ​រដ្ឋបាល​ខណ្ឌ​ ​ក៏បាន​ឆ្លើយតប​ដោយ​បើកផ្លូវ​តវ៉ា​តាមរយៈ​ការ​ដាក់​ពាក្យ​បណ្តឹង​មក​សាលា​ខណ្ឌឫស្សីកែវ​ដោយ​ផ្ទាល់​។​

​នៅ​ថ្ងៃទី១០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ខាងកើត​ព្រែក​អូរ​វែង​ ​បាន​ដាក់ពាក្យ​តវ៉ា​មក​សាលា​ខណ្ឌឫស្សីកែវ​ ​ហើយ​រដ្ឋបាល​ខណ្ឌ​ ​ក៏បាន​កោះ​អញ្ជើញ​ពួកគាត់​ធ្វើការ​សម្របសម្រួល​ជាបឋម​រួចហើយ​នៅ​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ខាងលិច​ព្រែក​ ​ក៏បាន​ដាក់ពាក្យ​តវ៉ា​រួចហើយ​ដែរ​ ​ហើយ​រដ្ឋបាល​ខណ្ឌ​ ​នឹង​ធ្វើការ​សម្របសម្រួល​នៅ​រសៀល​ម៉ោង២​:​៣០នាទី​ ​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​។​

​រដ្ឋបាល​ខណ្ឌឫស្សីកែវ​ ​បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​សងខាង​ព្រែក​អូរ​វែង​ខាងលើ​ ​ដែល​បាន​ចូលរួម​សហការ​ធ្វើការ​សម្របសម្រួល​ជាមួយ​រដ្ឋបាល​ខណ្ឌ​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ហើយ​រដ្ឋបាល​ខណ្ឌ​ ​ក៏​អំពាវនាវ​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​ ​និង​បន្ត​ជំហរ​សម្របសម្រួល​ជា​បន្ត​ទៀត​ ​ដោយ​ឈរ​លើ​គោលការណ៍​ឈ្នះ​ ​ឈ្នះ​ ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង