​បច្ច័យ៣.៥០០ដុល្លារ​ត្រូវ​បាន​ប្រគេន​ដល់​វត្ត​សុទ្ធា​វត្យា​រាម​ ​ចុង​កោះសូទិន​ ​ខណៈ​វត្ត​ដែល​អាយុ​ជិត២០០ឆ្នាំ​មួយ​នេះ​ ​ប្រឈម​នឹង​ការ​រុះរើ​និង​ប្តូរ​ទីតាំង​ ​

កំពង់ចាម៖ ផ្តើមចេញពីគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនៅក្នុងភូមិទី៩ និងភូមិទី១២ ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមនាពេលកន្លងមក បានធ្វើឲ្យទីតាំងវត្តសុទ្ធាវត្យារាម ចុងកោះសូទិន បានប្រឈមមុខនឹងការរុះរើ និងបង្ខំចិត្តទៅសាងសង់ទីអារាមនៅកន្លែងថ្មីវិញ។

ជាការចាប់ផ្តើមដំបូងនៅថ្ងៃទី១៩មករាឆ្នាំ២០១៩ ក្នុងការសាងសង់ទីតាំងថ្មីនេះ ក្នុងនាមចៅអធិការ និងគណៈកម្មាការវត្តបានចាប់ផ្តើមសាងសាឡុំ (រោងឧបោសថ)ដើម្បីឲ្យបងប្អូនពុទ្ធបរិស័ទមានកន្លែងធ្វើបុណ្យ ទន្ទឹមនេះដែរឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ និងជាប្រធានក្រុមការងារចុះជួយឃុំកោះសូទិន រួមទាំងលោកជំទាវ ពុទ្ធបរិស័ទ ព្រះសង្ឃ និងក្រុមការងារក៏បានរៀបចំពិធីសាសនាបញ្ចុះបឋមសីឡាសាងសង់សាឡុំ (រោងឧបោសថ)នេះឡើង។

ក្នុងនោះឯកឧត្តម ផុស សុវណ្ណ និងលោកជំទាវក៏បានប្រគេនបច្ច័យចំនួន៣.៥០០ដុល្លារទៅវត្តខាងលើផងដែរដើម្បីសម្រួលទៅដល់ឈ្នួលថ្លៃជាង និងបច្ច័យចំនួន១ពាន់ដុល្លារផ្សេងទៀតបានពីការចូលរួមពីពុទ្ធបរិស័ទ។

ឯកឧត្តម ផុស សុវណ្ណក៏បានលើកឡើងផងដែរថាផ្តើមចេញពីការកំណត់គោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំ បើដឹកនាំមិនត្រូវត្រូវក៏ប្រទេសយើងមិនអាចរីកចម្រើន និងមានសុខសន្តិភាពបាននោះទេ ហើយសមិទ្ធផលដែលបានកើតឡើងទាំងអស់ គឺកើតឡើងដោយសារប្រទេសយើងមានសុខសន្តិភាព ហើយបងប្អូនប្រជាពលរដ្ឋអាចទៅណាមកណាបានដោយសេរីជាងនេះទៅទៀតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលរយៈពេលជិត៥០០ឆ្នាំកន្លងទៅដែលដែនដីកកម្ពុជាយើងមិនមានការរួបរួម មានតែមានការបែងចែករវាងគ្នា និងគ្នា។

គួរបញ្ជាក់ថានៅក្នុងកម្មវិធីបញ្ចុះបឋមសីលាសាងសង់សាឡុំនាពេលនេះដែរឯកឧត្តម ផុស សុវណ្ណក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិនជូនដល់ប្រជាពលរដ្ឋ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលដាំដំណាំកសិកម្មផ្សេងៗឲ្យទទួលបានទិន្នផលខ្ពស់ លក់បានថ្លៃ ហើយនៅពេលខាងមុខ សមិទ្ធផលជាផ្លូវ និង ភ្លើងអគ្គិសនីនិងបន្តធ្វើដមកដល់ភូមិរបស់បងប្អូនហើយ៕

(អត្ថបទ៖ហ៊ាង ថាច)

You can share this !

អត្ថបទទាក់ទង