ធនាគារពិភពលោក​ ​៖​ ​កម្ពុជា​សម្រេច​កំណើន​សេដ្ឋកិច្ច​ ​៧.៥​%​ ​ក្នុង​ឆ្នាំ២០១៨​ ​ល្អ​ជាង​ការ​រំពឹង​ទុក​ ​ប៉ុន្តែ​ក៏បាន​ក្រើនរំលឹក​ពី​ហានិភ័យ​មួយចំនួន​

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​ ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ ​៧.៥​%​ ​នៅក្នុង​ឆ្នាំ​ ​២០១៨​ ​ដែល​ជា​អត្រាកំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ ​ដោយមាន​ការជំរុញ​មួយ​ផ្នែក​ធំ​ពី​ការ​កើនឡើង​យ៉ាង​រហ័ស​នៃ​ការនាំចេញ​ ​និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​ ​នេះ​បើ​យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​របស់​ធនាគារពិភពលោក​ ​(​World​ ​Bank​)​ ​ដែល​ចេញ​នៅ​ថ្ងៃទី៦​ ​ខែឧសភា​ ​។​



​ក្នុង​របាយការណ៍​នោះ​ ​បាន​បញ្ជាក់​ថា​ ​ការនាំចេញ​របស់​ផលិតផល​សម្លៀកបំពាក់​ ​ស្បែកជើង​ ​និង​មុខទំនិញ​ធ្វើដំណើរ​ ​ដែល​ទាំងអស់​នេះ​ ​មាន​ជាង​ពីរ​ភាគ​បី​ ​នៃ​មុខទំនិញ​នាំចេញ​សរុប​ ​ជា​កំណត់ត្រា​កំណើន​ខ្ពស់​ប្រាំ​ឆ្នាំ​ជាប់គ្នា​ ​ដែល​កើន​បាន​ ​១៧.៦​%​ ​ក្នុង​ឆ្នាំ២០១៨​ ​ធៀប​នឹង​ ​៨.៣​%​ ​ក្នុង​ឆ្នាំ២០១៧​ ​។​ ​វិស័យ​សំណង់​ ​អចលនទ្រព្យ​ ​និង​ទេសចរណ៍​សរុបគ្នា​ ​មាន​ចំណែក​ ​៦០​%​នៃ​ចំនួន​គម្រោង​វិនិយោគ​ទាំងអស់​ ​ដែល​ត្រូវ​បាន​អនុម័ត​រួច​ក្នុង​ឆ្នាំ២០១៨​ ​។​ ​ដោយឡែក​ការផលិត​សម្ភារ​ផ្គត់ផ្គង់​ការសាងសង់​ ​ដែក​ ​គ្រឿង​សង្ហា​រឹម​ ​និង​ផលិតផល​ប្លា​ស្ទីក​ ​ក៏​មានការ​កើនឡើង​យ៉ាង​លឿន​ផង​ដែរ​ ​ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​របស់​វិស័យ​សំណង់​ ​។​

​ទន្ទឹម​នឹង​នេះ​ ​ធ​នាគា​នេះ​ ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​អំពី​ភាព​មិន​ប្រាកដប្រជា​ដែល​បន្ត​មាន​ ​បាន​បង្ក​ហានិភ័យ​ខ្លាំង​ឡើង​ដែរ​ ​។​ ​បច្ចុប្បន្ន​នេះ​ ​ទីផ្សារ​សហភាព​អឺរ៉ុប​ ​(​រួម​ទាំង​ចក្រភព​អង់គ្លេស​ផង​)​ ​ស្រូប​យក​ជាង​មួយភាគបី​នៃ​ទំហំ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ ​ជាពិសេស​ផលិតផល​សម្លៀកបំពាក់​ ​ស្បែកជើង​ ​និង​ទោចក្រយាន​ ​។​ ​លទ្ឋ​ភាព​ដែល​កម្ពុជា​អាច​នឹង​បាត់បង់​ភាព​អនុគ្រោះ​នាំ​ទំនិញ​ចូល​ទី​ផ្សារ​អ៊ឺ​រ៉ុប​ដោយ​រួច​ពន្ឋ​ក្រោម​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ ​(​EBA​)​ ​ទំនងជា​កាត់បន្ថយ​ល្បឿន​នៃ​ការនាំចេញ​របស់​កម្ពុជា​ ​។​



​បន្ថែម​ពីនេះ​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ ​កាន់តែ​ងាយ​ធ្លាក់​ក្នុង​វដ្ត​នៃ​ស្ថានភាព​ចាប់​ប៉ោង​ ​ហើយ​ឆាប់​ផ្ទុះ​បែក​ទៅវិញ​ ​ហើយ​កំណើន​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ស្រុក​នៅក្នុង​វិស័យ​សំណង់​នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត​ដល់​វិស័យ​ហិរញ្ញវត្ថុ​ ​។​

​ក្នុង​របាយការណ៍​នោះ​ ​ក៏បាន​ធ្វើការ​ដកស្រង់​សម្តី​ ​លោកស្រី​ ​អ៊ុន​ ​ហ្គូ​ណា​ដូ​ប្រា​ចា​ ​នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ផង​ដែរ​ថា​ ​«​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ​ដល់​បរិយាកាស​វិនិយោគ​ ​និង​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ ​ព្រមទាំង​ការ​កសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត​ ​សុទ្ធតែ​ជាអាទិភាព​គន្លឹះ​សម្រាប់​រក្សា​កំណើន​ខ្លាំង​ ​ក្នុងរយៈពេល​មធ្យម​»​ ​។​



​លោកស្រី​បន្ត​ថា​ ​ភ័ស្តុតាង​នានា​បាន​រំលេច​ឱ្យ​ឃើញថា​ ​ការ​វិនិយោគ​ទៅលើ​ប្រជាជន​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​ជំរុញ​ឱ្យ​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​។​ ​ការ​វិនិយោគ​ទៅលើ​ប្រជាជន​ ​និង​ការ​កែ​លម្អ​គុណភាព​នៃ​មូលធន​មនុស្ស​របស់​កម្ពុជា​គួរតែ​បន្ត​នៅជា​ស្នូល​នៃ​សេចក្តី​ប្រាថ្នា​របស់​កម្ពុជា​ ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យម​ខ្ពស់​ ​ត្រឹម​ឆ្នាំ២០៣០​ ​។​

​សូម​បញ្ជាក់​ថា​ ​នៅក្នុង​របាយ​កា​រណ៍​ណ៍​នោះ​ ​ក៏បាន​ធ្វើការ​អំពាវនាវ​ផង​ដែរ​ឱ្យ​មានការ​បំពេញបន្ថែម​នូវ​ភាព​ខ្វះខាត​ផ្នែក​ជំនាញ​ ​និង​ការ​វិនិយោគ​ទៅលើ​មូលធន​មនុស្ស​ដើម្បី​ផ្តល់​ជា​គ្រឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យូរអង្វែង​ ​៕​

You can share this !

អត្ថបទទាក់ទង