តម្លៃ​អចលនទ្រព្យ​នៅ​ខេត្តកំពត​ ​កើនឡើង​តិចតួច​ ​តែ​ការទិញ​-​លក់​ល្អ​ប្រសើរ​

​កំពត​៖​ ​ខេត្តកំពត​ ​បាន​ស្គាល់​ពី​ភាព​រីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងរយៈ​ជាង​ ​៣​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​ ​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​មួយចំនួន​ ​បាន​ចាប់​ដំណើរការ​នៅក្នុង​តំបន់​នេះ​ ​ដែល​មាន​ដូចជា​៖​ ​គម្រោង​កំពង់ផែ​ទឹកជ្រៅ​ ​ឆ្នេរ​សិប្បនិម្មិត​តម្លៃ​ជិត​ ​២​ ​ពាន់​លាន​ដុល្លារ​ ​និង​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម​ ​។​

​បើ​តាម​ ​www.realestate.com.kh​ ​បានឱ្យ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​ ​បាន​កំណត់​ប្លង់​គោលខេត្ត​កំពត​រួចរាល់​កាលពី​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​ ​ដោយ​ដាក់​គោលដៅ​អភិវឌ្ឍ​ដី​ខេត្ត​នេះ​ជា​ ​៖​ ​១​.​ ​តំបន់​រមណីយដ្ឋាន​ទេ​ចរណ៍​ធម្មជាតិ​ ​ដែល​ស្អាត​បំផុត​លំដាប់​ពិភពលោក​ ​២​.​ ​តំបន់​កែច្នៃ​ផលិតកម្ម​ ​និង​ឧស្សាហ​ម្ម​ ​៣​.​ ​ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កសិកម្ម​ ​និង​ការចែកចាយ​ទំនិញ​ ​៤​.​ ​ទីក្រុង​ទំនើប​ ​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​ ​និង​បរិស្ថាន​ស្អាត​ ​និង​ទី៥​.​ ​ទីក្រុង​ដែល​មាន​អភិបាលកិច្ច​ល្អ​ ​។​ សម្រាប់​វិស័យ​ដីធ្លី​ ​ត្រូវ​បាន​មើលឃើញ​ថា​ ​មានសន្ទុះ​កំណើន​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ ​ពោល​គឺ​ប្រតិបត្តិ​ការទិញ​-​លក់​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​គ្រប់​ទីកន្លែង​ ​ជាពិសេស​នៅ​តាម​តំបន់​ទេសចរណ៍​ ​ដែលគេ​ជឿ​ថា​ ​ជា​តំបន់​មាន​សក្តា​នុ​ពល​នៅពេលអនាគត​ ​។​ ​កត្តា​នេះ​ ​បាន​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​បាន​ហក់​ឡើង​ខ្លាំង​នៅ​ឆ្នាំ​ ​២០១៨​ ​។​

​លោក​ ​សុខ​ ​គែន​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​Kampot​ ​Property​ ​បានឱ្យ​ដឹង​ថា​ ​កំណើន​នៃ​ការ​វិនិយោគ​ពីសំណាក់​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​បាន​រុញ​តម្លៃ​ដី​ឱ្យ​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ២០១៨​។​ ​ប៉ុន្តែ​ចាប់ពី​ចុងឆ្នាំ​ ​២០១៨មក​ ​ពោល​គឺ​រយៈពេល​ ​៦ខែ​ចុងក្រោយ​នេះ​ ​តម្លៃ​ដី​នៅ​កំពត​ ​បាន​នៅ​ទ្រឹង​ ​(​ឬ​កើនឡើង​តិចតួច​)​ ​។​ ​នៅ​ទ្រឹង​ដោយសារតែ​ទំហំ​នៃ​ការ​វិនិយោគ​ដ៏​ច្រើន​នា​ពេល​កន្លងមក​ ​ហើយ​នៅពេល​បច្ចុប្បន្ន​ ​អ្នកទិញ​ពីមុន​ ​បាន​ចាប់ផ្តើម​ដាក់​លក់​វិញ​នៅក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ ​។​ ​ទោះបី​យ៉ាងណា​ ​លោក​ទទួលស្គាល់​ថា​ ​បរិយាកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​ចំណែក​ការទិញ​-​លក់​ ​នៅតែ​មានដំណើរ​ការ​ល្អជា​ធម្មតា​ ​សម្រាប់​អចលនទ្រព្យ​ដែល​ដាក់​លក់​នៅក្នុង​តម្លៃ​តាម​ទីផ្សារ​ ​។​ ​

​ទាក់ទង​តម្លៃ​ដី​ ​លោក​ ​គែន​ ​បញ្ជាក់​ថា​ទីផ្សារ​តម្លៃ​ដី​ពិតប្រាកដ​ ​បាន​ស្ថិតនៅ​ថេរ​ចាប់ពី​ចុងឆ្នាំ​ ​២០១៨មក​ ​ដោយ​ដី​លំនៅ​ដ្ឋាន​នៅ​តាម​ជាយក្រុង​ ​មានតម្លៃ​ពី​ ​៣០ដុល្លារ​ ​ទៅ​ ​៥០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​។​ ​ដី​ជាប់មាត់​សមុទ្រ​ ​មានតម្លៃ​ ​២០០​ ​ទៅ​ ​២៥០ដុល្លារ​ ​។​ ​ចំណែក​ដី​នៅ​តាម​មាត់​ព្រែក​ ​ក្នុង​តំបន់​សក្តា​នុ​ពល​ ​(​ស្ពាន​កំពង់បាយ​)​ ​តម្លៃ​ដី​ ​អាច​មាន​ចន្លោះ​ ​១,២០០ដុល្លារ​ ​ទៅ​ ​១,៥០០​ ​ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​។​ ​រី​ឯ​ដី​ចេញ​ឆ្ងាយ​ពី​ស្ពាន​កំពង់បាយ​ក្នុងរង្វង់​កន្លះ​គីឡូម៉ែត្រ​ ​មានតម្លៃ​ចាប់ពី​ ​១៥០​ ​ដុល្លារ​ ​ទៅ​ ​៤០០ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ ​។​

​លោក​ ​គែន​ ​មើលឃើញ​ថា​ ​វិស័យ​ទេសចរណ៍​ជាផ្នែក​មួយ​ដ៏​សំខាន់​ដែល​បាន​រុញច្រាន​តម្លៃ​អចលនទ្រព្យ​នៅ​ជាប់មាត់​សមុទ្រ​មួយ​នេះ​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ ​។​ ​លោក​ជឿ​ថា​ ​ការ​វិនិយោគ​បែប​អេកូ​ទេសចរណ៍​ ​ផ្ទះ​លម្ហែ​កាយ​ ​មិនថា​នៅ​តាម​ដងព្រែក​ ​ឬនៅ​ជាប់មាត់​សមុទ្រ​ ​គឺ​នៅតែ​មាន​សត្តា​នុ​ពល​ខ្លាំង​សម្រាប់​វិនិយោគិន​ ​ដែល​ចង់​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ខេត្តកំពត​ ​។​

​ក្រៅពី​ខេត្តកំពត​ ​ខេត្ត​កែប​ ​ក៏​មាន​សក្តា​នុ​ពល​ប្រហាក់​ប្រហែលគ្នា​នេះ​ដែរ​ ​។​ ​លោក​ ​គែន​បាន​បង្ហើប​ថា​ ​ទាំង​ការទិញ​លក់​ ​និង​ស្ថានភាព​នៃ​តម្លៃ​ដី​របស់​ខេត្តកំពត​ ​និង​កែប​ ​គឺ​មាន​លក្ខណៈ​ស្រដៀងគ្នា​ ​។​
​រាជរដ្ឋាភិបាល​ ​នឹង​កំណត់​ប្លង់​គោល​សម្រាប់​ការ​ការអភិវឌ្ឍន៍​ដី​នៅក្នុង​ខេត្ត​កែប​ ​ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ​ ​ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់ទាញ​ ​ជា​រួម​ ​គឺ​សម្រេច​អភិវឌ្ឍន៍​ទីក្រុង​ ​កោះ​ ​ឆ្នេរសមុទ្រ​ ​ផ្សារ​ ​កំពង់ផែ​ទេសចរណ៍​ ​សេវាកម្ម​ទេសចរណ៍​ ​និង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅក្នុង​ខេត្ត​កែប​ ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​ ​

​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ខេត្តកំពត​ ​និង​កែប​ ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការសម្រាក​លម្ហែ​កាយ​ ​ឬ​ការ​ចូលនិវត្តន៍​ ​។​ ​ជាមួយគ្នា​នេះ​ ​រាជរដ្ឋាភិបាល​ ​នឹង​ជំរុញ​វិស័យ​ទេសចរណ៍​អោយ​ក​កាន់តែ​ប្រសើរ​ឡើង​នៅពេលអនាគត​ ​។​

​គួរ​រម្លឹក​ផង​ដែរ​ថា​ ​កម្ពុជា​ ​មាន​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន​ ​៤​ ​គឺ​កំពត​ ​កែប​ ​ព្រះសីហនុ​ ​និង​កោះកុង​ ​ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ ​កំពុង​មានការ​វិនិយោគ​ ​និង​មាន​សក្តា​នុ​ពល​ខ្លាំង​ជាងគេ​ ​ខណៈ​ខេត្ត​បី​ផ្សេងទៀត​ ​កំពុង​ស្រូប​យក​ការ​វិនិយោគ​បន្តិច​ម្តង​ៗ​ ​៕​

 

You can share this !

អត្ថបទទាក់ទង