ដើម្បីអោយ​កូន​មានគុណ​ភាព​គំនិត​ ​អ្នកជំនាញ​ ​ណែនាំ​អាណាព្យាបាល​ ​គួរ​ទម្លាប់​អោយ​កូន​អាន​សៀវភៅ​ ​ជាជាង​មើល​ទូរស័ព្ទ​ ​ឬ​ ​ថេប​ប្លេ​ត​

ភ្នំពេញ ៖ ជាការពិតកុមារតូចៗ ជាផ្នែកយ៉ាងសំខាន់មួយ ដែលមិនអាចមើលរំលងបាន ព្រោះពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅថ្ងៃអនាគត ។ អ្វីគ្រប់យ៉ាង គឺចាប់ផ្តើមពីក្មេង ប្រសិនបើក្មេង មានគុណភាពនៃគំនិតខ្ពស់ នៅពេលដែលពួកគេធំឡើង គេនឹងក្លាយជាធនធានដែលមានភាពខ្លាំងក្លាសម្រាប់គ្រួសារ និងសង្គមជាតិ ។


ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការបណ្តុះផ្តត់គំនិតឲ្យកុមារស្រឡាញ់ការសិក្សា ជាពិសេស ការអានសៀវភៅតែម្តង ស្របពេលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងមានការជឿនលឿន ដូចបច្ចុប្បន្ននេះ។ ជាការកត់សម្គាល់កុមារតូចៗជាច្រើន ដូចជានៅរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជន ត្រូវឪពុកម្តាយ ឬអាណាព្យាបាល តែងតែចូលចិត្តឲ្យពួកគេលេងទូរស័ព្ទ ឬថេបប្លេត ដើម្បីជាការលេងកម្សាន្ត ឬ មិនចង់ឲ្យកូនៗរបស់ពួកគាត់ដើរលេង ឬក៏យំ ក្នុងពេលពួកគាត់ជាប់រវល់ការងារផ្សេងៗ។

យ៉ាងណាមិញ ដើម្បីផ្តល់ភាពងាយស្រួលទៅដល់ការសិក្សារបស់កុមារតូចៗនៅផ្ទះ ក្រុមហ៊ុន តារារៈអាស៊ីអាគ្នេយ៍ បាននាំចូលនូវសម្ភារសិក្សាបែបថ្មីពីប្រទេសសឹង្ហបុរី ដែលនឹងជួយបង្រៀនឲ្យកុមារតូចៗរៀនឆាប់យល់ ឆាប់ចេះ ទាំងចំណេះដឹងទូទៅ និងភាសាបរទេស។
អ្នកស្រី ម៉ក់ វាសនា នាយកប្រតិបត្តិក្រុមហ៊ុន តារារៈអាស៊ីអាគ្នេហ៍ បានមានប្រសាសន៍ថា សម្ភារសិក្សានេះ គឺត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក ដែលផ្តល់ចំណេះដឹងទូទៅ បង្កើតទម្លាប់ អានសៀវភៅ បង្កើតក្តីស្រឡាញ់ក្នុងការសិក្សា និង ផ្តល់ពាក្យស័ព្ទថ្មីៗទៅដល់កុមារតូចៗ។


កុមារ គឺជាទំពាំងស្នងឫស្សីដែលត្រូវបន្តវេនពីមនុស្សចាស់ ហើយវ័យកុមារនេះ ក៏ត្រូវទទួលបានការអប់រំ ទូន្មានប្រៀនប្រដៅ និងបណ្តុះបណ្តាលចំណេះដឹងពីមនុស្សចាស់ជាចាំបាច់ផងដែរ។ តាមពិតការអប់រំកុមារតូច មិនស្ថិតទៅលើលោកគ្រូអ្នកគ្រូ តាមសាលាទាំងអស់នោះទេ ប៉ុន្តែគឺត្រូវចាប់ផ្តើមចេញពីការធ្វើជាគំរូល្អរបស់ឪពុកម្តាយឯផ្ទះជាមុនច្រើនជាង ព្រោះលោកគ្រូអ្នកគ្រូនៅសាលាពុំអាចអប់រំកូនៗរបស់លោកអ្នកបានល្អគ្រប់យ៉ាងនោះទេ ពោលគឺទាម ទារការចូលរួមយ៉ាងសំខាន់ពីឪពុកម្តាយ នេះបើតាមការលើកឡើងរបស់អ្នកស្រី ម៉ក់ វាសនា។

ចំណែកអ្នកស្រី Lee Fei Chen ប្រធានក្រុមហ៊ុន Publishing Group បានលើកឡើងថា សម្ភារសិក្សាប្រភេទថ្មីនេះ ត្រូវបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ឪពុកម្តាយ និងអាណាព្យាលបាលកុមារ នៅជាង ២០ប្រទេស ទូទាំងពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។

«កុមារ» ជាទូទៅពិតជាត្រូវការការអប់រំប្រៀនប្រដៅពីឪពុកម្តាយ ឬ អាណាព្យាបាលជាចាំបាច់ ដើម្បីពត់តម្រង់ពួកគេបានក្លាយជាមនុស្សល្អ ដើរផ្លូវត្រង់តាំងពីក្មេងទៅ ចៀសវាងពេលធំឡើងពិបាកក្នុងការអប់រំស្តីប្រដៅ។
ក្នុងនាមជាឪពុកម្តាយគួរតែអប់រំ និងផ្តល់គំរូឱ្យកូនៗរបស់ខ្លួនឯងជាមុន បន្ទាប់មកអ្នកគ្រូលោកគ្រូនៅតាមសាលាទើបជាអ្នកបន្ត ធ្វើដូច្នេះកុមារអាចមានឱកាសច្រើនក្នុងការទទួលបានចំណេះដឹងយ៉ាងមានប្រសិទ្ធភាព។
ជាស្ត្រីមេផ្ទះម្នាក់រស់នៅរាជធានីភ្នំពេញ អ្នកស្រី កែវ ទេពី ដែលសព្វថ្ងៃមានបុត្រធីតាចំនួនពីរនាក់ អ្នកស្រីបានចែករំលែកអំពីបទពិសោធន៍មើលថែ និងអប់រំកូនរបស់អ្នកស្រីឲ្យស្រឡាញ់ការ អានសៀវភៅ។


អ្នកស្រីរៀបរាប់ថា អ្នកស្រីតែងតែទម្លាប់អានសៀវភៅឲ្យកូនៗរបស់គាត់ស្តាប់ស្ទើរជារៀងរាល់ថ្ងៃ ហើយទម្លាប់នេះ បានធ្វើឲ្យកូនរបស់គាត់ស្រឡាញ់ការអានសៀវភៅ និងការសិក្សា។ ការធ្វើបែបនេះរបស់អ្នកស្រី គឺគោលបំណងរារាំងកូនៗរបស់គាត់មិនឲ្យលេងទូរស័ព្ទ ដែលអាចធ្វើ ឲ្យប៉ះពាល់ដល់ភ្នែករបស់ពួកគេ។

តាមការលើកឡើងរបស់អ្នកជំនាញបានឲ្យដឹងថា មានវិធី៥ យ៉ាង ដើម្បីធ្វើឲ្យកូនរបស់អ្នកជាមនុស្សចូលចិត្តអានសៀវភៅ៖

  1. ទម្លាប់អានសៀវភៅឲ្យកូនអ្នកស្ដាប់ជាប្រចាំ
  2. ធ្វើឲ្យការអានរបស់អ្នកបង្កនូវភាពសប្បាយរីករាយ
  3. រកសៀវភៅដែលផ្ដល់អត្ថប្រយោជន៍ក្នុងការអានសម្រាប់កុមារ
  4. ជួយកូនរបស់អ្នកក្នុងការរៀនអាន
  5. ធ្វើឲ្យកូនរបស់អ្នកឃើញ នូវទម្លាប់អានសៀវភៅរបស់អ្នក ៕

You can share this !

អត្ថបទទាក់ទង