គណៈកម្មការ​ទី២រដ្ឋសភា​ ​ចាត់ទុក​សេចក្តី​ព្រាងច្បាប់​ចំនួន៣​ ​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​

​ភ្នំពេញ​៖​ ​សេចក្តី​ព្រាងច្បាប់​ ​ស្តីអំពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ឱ្យ​ក្រុម​ហ៊ុន​ស្នេ​ថេ​ករី​ញូ​វេ​ប៊ល​ឯ.ក​,​ ​សេចក្តី​ព្រាងច្បាប់​ ​ស្តី​ពី​ការ​អនុម័ត​ ​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ឱ្យ​ក្រុម​ហ៊ុន​អេ​ស​ភី​អេ​លភី​(​ខេម​បូ​ឌា​)​ឯ.ក​ ​និង​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ ​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុម​ហ៊ុន​ស្នេ​ថេ​ក​ខូ​អិល​ធី​ឌី​ ​ត្រូវ​បាន​គណៈកម្មការ​ទី២រដ្ឋសភា​ ​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ ​កាលពី​រសៀល​ថ្ងៃទី១០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​លោក​ ​ជាម​ ​យៀប​ ​ប្រធាន​គណៈកម្មការ​ទី២​ ​(​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​ធនាគារ​ ​និង​សវនកម្ម​)​ ​នៃ​រដ្ឋសភា​ ​មានប្រសាសន៍​ថា​ ​សេចក្តី​ព្រាងច្បាប់​ទាំង​បី​នេះ​ ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​និង​រួមចំណែក​ជួយ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់​។​ ​បច្ចុប្បន្ន​នេះ​ ​ថាមពល​អគ្គិសនី​ ​បាន​ដើរតួ​នាទី​កាន់តែ​សំខាន់​ ​និង​មិន​អាច​ខ្វះ​បាន​ ​ជាពិសេស​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​មួយចំនួន​ ​ដែល​មានការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់​។​

​ដើម្បី​បំពេញ​ឱ្យ​បាន​តាម​កំណើន​តម្រូវការ​អគ្គិសនី​ចំពោះមុខ​ ​និង​ទៅ​ពេល​អនាគត​ ​រាជរដ្ឋាភិបាល​ ​បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​មួយចំនួន​ជា​លក្ខណៈ​បន្ទាន់​ ​ដែល​ក្នុង​នោះ​ ​ក៏បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទាំង​បី​ខាងលើ​ ​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​អគ្គិសនី​នេះ​ ​និង​បាន​រៀបចំសេចក្ដី​ព្រាងច្បាប់​បញ្ជូន​ទៅ​រដ្ឋសភា​ ​ដើម្បី​ស្នើសុំ​ការ​អនុម័ត​។​

​សូម​បញ្ជាក់​ថា​ ​បន្ទាប់ពី​ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ទាំង៣​ ​គណៈកម្មការ​បាន​ឯកភាព​គ្នា​ ​ដោយ​រក្សាទុក​នូវ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​ទាំង​បី​ទៅតាម​ទម្រង់​ដើម​ទាំងស្រុង​ ​ដោយ​គ្រាន់តែ​កែសម្រួល​អក្ខរា​វិរុទ្ធ​មួយចំនួន​ប៉ុណ្ណោះ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង