ក្រុមហ៊ុនចែកចាយផ្តាច់មុខផលិតផល Huawei អះអាងពីការទទួលខុសត្រូវ ប្រសិនបើមានបញ្ហា

ភ្នំពេញ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ កាលពីថ្ងៃម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងព័ត៌មានផ្សេងៗពីផលិតផល Huawei ។

លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានថ្លែងថា “ប្រសិនបើ       ស្មាតហ្វូន ឬ ថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់ និងម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវចំពោះអតិថិជន ។ ប្រសិន​បើបន្ទាប់ពីការត្រួតពិនិត្យ ឬការជួសជុលដោយក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូន ឬ ថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូ នឹងធានាទិញស្មាតហ្វូន ឬ ថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន។ ”

សេចក្តីថ្លែងការណ៍នេះ ហាក់បីដូចជាធ្វើឱ្យអតិថិជននៅប្រទេសកម្ពុជា កាន់តែមានទំនុកចិត្ត និងមិនមានការព្រួយបារម្ភទៀតឡើយ លើស្មាតហ្វូន ឬ ថេកប្លេត Huawei ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Yako Technology បានដំណើរការក្នុងទីផ្សារប្រទេសកម្ពុជាជាង ១២ ឆ្នាំមកហើយ ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់លើអតិថិជន ដើម្បីឱ្យប្រាកដថា ពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ផលិតផល Huawei ដោយមានការពេញចិត្ត និងតែងតែផ្តល់សេវាកម្មនានា បន្ទាប់ពីការលក់ជូនអតិថិជន ។

ប្រសិនបើ អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន ឬ ថេបប្លេត Huawei មានបញ្ហាទាំងនេះ អ្នកអាច យកស្មាតហ្វូន ឬ ថេបប្លេតនោះ ទៅហាងទូរសព្ទដែលអ្នកបានទិញ ។ ក្រុមការងាររបស់ក្រុមហ៊ុន Yako នឹងត្រួតពិនិត្យ និងផ្តល់ដំណោះស្រាយដូចអ្វីដែលបានសន្យា ។ ដូច្នេះ សូមអតិថិជនទាំងអស់ កុំបារម្ភឱ្យសោះថា ស្មាតហ្វូន ឬ ថេបប្លេតរបស់អ្នក នឹងក្លាយជាដុំថ្ម ដូចពាក្យពាក្យចចាមអារ៉ាម ៕

 

You can share this !

Loading...
អត្ថបទទាក់ទង