កូនឈើ​ប្រមាណ៣ម៉ឺន​ដើម​ ​ត្រូវ​បាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​ជា​រៀងរាល់​ឆ្នាំ​

​សៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​តែងតែ​យកចិត្ត​ទុកដាក់​ថែរក្សា​ព្រៃឈើ​ដែល​មានស្រាប់​ ​និង​ដាំ​បន្ថែម​តាម​តំបន់​ជុំវិញ​ប្រាសាទ​ដែល​ជា​តំបន់​ព្រៃ​ការពារ​ ​ដោយ​មូលហេតុ​ ​តំបន់​ខ្លះ​ ​ត្រូវ​បាន​ទន្រ្ទាន​ពី​ប្រជាជន​ ​ភ្លើង​ឆេះ​ព្រៃ​ ​និង​ក្រោយពី​កាត់​ដកហូត​ដើមឈើ​ងាប់​ ​ដែល​អាច​បង្ក​ហា​និ​ភ័យ​ផ្សេង​ៗ​ដល់​មនុស្ស​ ​សត្វ​ ​ប្រាសាទ​ ​និង​បរិស្ថាន​ ​។​ ​

​លោក​ ​ស៊ិន​ ​ពិសី​ ​មន្រ្តី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ​ទេសភាព​វប្បធម៌​ ​និង​បរិស្ថាន​ ​បានឱ្យ​ដឹង​ថា​ ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​ ​បែង​ចែង​ចែក​ជា​បី​សំ​ខាន់​ៗ​គឺ​ ​តំបន់​ឧទ្យាន​បន្ទាយស្រី​ ​តំបន់​ឧទ្យាន​កណ្តាល​ ​និង​តំបន់​ឧទ្យាន​រលួស​ ​លើ​ផ្ទៃដី៤០១គីឡូម៉ែត្រ​ក្រឡា​ ​និង​ចែក​ជា១៤បុស្តិ៍​ ​ដែល​មាន​បុគ្គលិក​ចំនួន៨៤នាក់​ ​ចុះ​យាមល្បាត​ជាប្រចាំ​ ​ថែទាំ​ ​ព្រមទាំង​ព្យាបាល​ដើមឈើ​ពេល​មាន​ជំងឺ​ ​លើកលែងតែ​តំបន់​ប្រាសាទបេង​មាលា​ ​ស្ថិតនៅ​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​ ​។​

​លោក​ ​បន្ត​ទៀត​ថា​ ​ក្រុម​ភ្នាក់ងារ​គ្រប់គ្រង​ព្រៃឈើ​តែង​មានកម្ម​វិធី​ដាំ​កូនឈើ​ជា​រៀងរាល់​ឆ្នាំ​ ​ហើយ​មួយ​លើ​កៗ​ ​មាន​ដើមឈើ​ជាច្រើន​រយ​ដើម​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ស្ថាប័នរដ្ឋ​ ​ស្ថាប័ន​អន្តរជាតិ​ ​វិស័យ​ឯកជន​ ​សហគមន៍​ ​ព្រះសង្ឃ​ ​និង​សិស្សសាលា​ជាដើម​ ​បំពេញ​នូវ​ទីតាំង​ដែល​គ្មាន​ព្រៃឈើ​ ​សរុប​ប្រមាណ៣ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​ឧទ្យាន​អង្គរ​។​

​លើស​ពីនេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចែក​កូនឈើ​ដល់​ស្ថាប័ន​ផ្សេង​ៗ​ ​ព្រះសង្ឃ​ ​និង​ប្រជាជន​ក្នុង​តំបន់​អង្គរ​ទៅ​ដាំ​ក្នុង​វត្ត​ ​ភូមិ​ ​ឃុំ​ ​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​បង្កើន​ចំនួន​ព្រៃឈើ​ ​បង្កើន​គម្រប​បៃតង​ដល់​បរិស្ថាន​ឱ្យ​មាន​បរិយាកាស​ស្រស់ថ្លា​ ​ពិសេស​គឺ​ទាក់ទាញ​ទេសចរ​។​

​លោក​ ​ពិសី​ ​បញ្ជាក់​ថា​ ​ព្រៃឈើ​មាន​សារៈសំខាន់​ទាំង​បរិស្ថាន​ ​និង​សោភ័ណភាព​សម្រាប់​មនុស្សជាតិ​។​ ​លោក​ ​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ដល់​ប្រជាជន​កុំឱ្យ​កាប់​ទន្រ្ទាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ ​ចូលរួម​ដាំ​ដើមឈើ​ឱ្យ​បាន​ច្រើនជាង​បំផ្លាញ​ ​និង​ពេល​ដុត​ចម្ការ​ត្រូវ​គ្រប់គ្រង​ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ​ ​ជៀសវាង​មាន​គ្រោះថ្នាក់​ ​និង​មាន​ហា​នី​ភ័យ​ដល់​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​៕​

​ប្រភព​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​

​សម្រួល​៖​ ​សិរី​ ​វ​ឌ្ឍ​

You can share this !

Loading...
អត្ថបទទាក់ទង