កម្មករ​និយោជិត​ ​២០០នាក់​ ​បាន​បាត់បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ​

ភ្នំពេញ​៖​ ​យោង​តាម​របាយការណ៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​(​ប.ស.ស​)​ ​បានឱ្យ​ដឹង​ថា​ ​ក្នុង​ឆ្នាំ២០១៨កន្លងទៅ​ ​កម្មករ​រងគ្រោះ​ដោយសារ​ហានិភ័យ​ការងារ​ ​មាន​អ្នក​បាត់បង់ជីវិត​ចំនួន​ ​២០០នាក់​ ​រង​របួសធ្ងន់​ចំនួន​ ​២,៧១១នាក់​ ​និង​របួសស្រាល​ ​៣១,៨៩៧នាក់​ ​។​



​របាយការណ៍​នេះ​ ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ​តួលេខ​អ្នក​ស្លាប់​ ​និង​ការ​ចំណាយ​លើ​សំណង​ហានិភ័យ​ការងារ​ក្នុង​ឆ្នាំ២០១៨​ ​បាន​ថយ​ចុះ​ចំនួន​ ​១៩.៤៥​%​ ​បើ​ធៀប​ឆ្នាំ២០១៧​ ​ដែល​មាន​អ្នក​ស្លាប់​ ​២២២នាក់​ ​ក្នុងចំណោម​អ្នករងគ្រោះ​ថ្នាក់​ ​៤៧,៤៩៦នាក់​ ​។​ ​ ​



​បើ​តាម​ ​ប.ស.ស​ ​តួលេខ​នេះ​ ​ទទួល​បាន​ពី​បណ្ដា​សហគ្រាស​-​គ្រឹះស្ថាន​ទូទាំង​ប្រទេស​ ​ក្នុង​ឆ្នាំ២០១៨​ ​ដែល​មានកម្ម​ករ​រងគ្រោះ​ដោយសារ​ហានិភ័យ​ការងារ​ចំនួន​ ​៣៤,៨០៨នាក់​ ​ក្នុង​នោះ​កម្មករ​គ្រោះថ្នាក់​នៅកន្លែង​ធ្វើការ​ចំនួន​ ​២៥,២០៦នាក់​ ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើដំណើរ​ចំនួន​ ​៩,៥៣០នាក់​ ​និង​ផ្សេង​ៗ​ចំនួន​ ​៧២នាក់​ ​ហើយ​ចំពោះ​ជំងឺ​វិជ្ជាជីវៈ​ ​មិន​មាន​នោះ​ទេ​ ​។​

​ក្រៅពី​ករណី​គ្រោះថ្នាក់​ការងារ​នោះ​ ​ប.ស.ស​ ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ​ករណី​ដួលសន្លប់​របស់​កម្មករ​និយោជិត​ ​ក៏​មានការ​ថយ​ចុះ​ចំនួន​ ​៥៤.៥៥​%​ ​បើ​ធៀប​ឆ្នាំ២០១៧​ ​។​



​ទាក់ទង​នឹង​គ្រោះថ្នាក់​កា​ងារ​នេះ​ដែរ​ ​របាយការណ៍​របស់​អង្គការ​ ​ILO​ ​អន្តរជាតិ​ ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ​មានកម្ម​ករ​និយោជិត​ចំនួន​ ​២,៧៨លាន​នាក់​ ​បាន​បាត់បង់ជីវិត​ដោយសារតែ​គ្រោះថ្នាក់​ការងារ​ ​និង​ជំងឺ​វិជ្ជាជីវៈ​ជា​រៀងរាល់​ឆ្នាំ​លើ​ពិភពលោក​។​ ​ក្នុង​នោះ​ ​មានកម្ម​ករ​និយោជិត​ប្រមាណ​ ​២,៤លាន​នាក់​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​វិជ្ជាជីវៈ​ ​និង​កម្មករ​និយោជិត​ប្រមាណ​ ​៣៧៤លាន​នាក់​ ​បាន​រងគ្រោះ​ថ្នាក់​ក្នុង​ការ​បំពេញការងារ​ ​ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​ស្លាប់​។​



​កន្លងមក​ទាក់ទង​នឹង​គ្រោះថ្នាក់​កា​ងារ​នេះ​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ២០១៩​-​២០២៣​ ​«​ការ​អភិវឌ្ឍ​លក្ខខណ្ឌ​ការងារ​ ​និង​សុខដុម​នី​យក​ម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​»​ ​ដែល​ផ្តល់​នូវ​កាលានុវត្ត​ភាពជា​យុទ្ធសាស្ត្រ​ ​ដើម្បី​ពង្រឹង​លក្ខខណ្ឌ​សុវត្ថិភាព​ ​និង​សុខភាព​ការងារ​ ​ជាពិសេស​ការរៀបចំ​ច្បាប់​ស្តី​ពី​សុវត្ថិភាព​ ​និង​សុខភាព​ការងារ​ ​ដែល​ជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ ​គ្រឹះស្ថាន​អនុវត្ត​តាម​បទដ្ឋាន​ការងារ​ស្នូល​សុវត្ថិភាព​ ​និង​សុខភាព​ការងារ​។​ ​

​សូម​បញ្ចាក់​ថា​ ​បច្ចុប្បន្ន​សហគ្រាស​ ​និង​គ្រឹះស្ថាន​កាត់ដេរ​នៅ​កម្ពុជា​ ​សរុប​មាន​ចំនួន​ ​១១,៣៩៧​ ​សហគ្រាស​ ​និង​មានកម្ម​ករ​ប្រមាណ​ ​៧៦៣​ ​៨២០​ ​នាក់​ ​នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ក្រ​សួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​៕​

ដោយ៖ គង់ ប៊ុណា

You can share this !

អត្ថបទទាក់ទង